ភ្នំពេញ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងផ្តល់ហិរញ្ញប្បទានឥតសំណង មានទឹកប្រាក់សរុបចំនួន ៧,៥ លានដុល្លារអាមេរិកដល់កម្ពុជា ដែលក្នុងនោះ ថវិកាចំនួន ៥ លានដុល្លារអាមេរិក សម្រាប់ការស្តារសម្បទាសេដ្ឋកិច្ចកម្ពុជាឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងថវិកាចំនួន ២,៥ លានដុល្លារអាមេរិកទៀត ជាហិរញ្ញប្បទានបន្ថែមសម្រាប់ការឆ្លើយតបនឹងការការពារសុខមាលភាពប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា ។
ហិរញ្ញប្បទានឥតសំណងនេះ ត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី២១ ខែឧសភានេះ ដោយមានការចូលរួមពីលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។
លោក Patrick Murphy បានជម្រាបជូនថា ចំពោះការប្រើប្រាស់ហិរញ្ញប្បទានឥតសំណងនេះ, ក្នុងរយៈពេលខ្លី នឹងត្រូវប្រើប្រាស់ក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា ដែលរងប៉ះពាល់ខ្លាំងពីជំងឺរាតត្បាតកូវីដ១៩។ ដោយឡែក ក្នុងរយៈពេលមធ្យមនឹងជួយរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញការងារឡើងវិញដល់ប្រជាពលរដ្ឋរងគ្រោះក្នុងវិស័យឯកជន ។
ក្នុងឱកាសនោះដែរ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានថ្លែងនូវអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលបានផ្តល់ជំនួយអន្តរាគមន៍ចំគោលដៅ និងទាន់ពេលវេលា ដែលជាកាយវិការប្រកបដោយអត្ថន័យសម្រាប់ប្រជាជនកម្ពុជា។
លោកអគ្គបណ្ឌិតសភាចារ្យ បានបញ្ជាក់បន្ថែមថា ជំងឺកូវីដ១៩ មិនត្រឹមតែបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខមាលភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានគំរាមកំហែងដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅទូទាំងពិភពលោកផងដែរ ហើយកម្ពុជា ក៏ដូចជាប្រទេសដទៃទៀតដែរ បានទទួលរងផលប៉ះពាល់ពីជំងឺនេះ ។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញជាបន្តបន្ទាប់នូវកញ្ចប់វិធានការ ដើម្បីរក្សាលំនឹងសកម្មភាពអាជីវកម្មដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ, ជួយសម្រាលដល់ជីវភាពកម្មករ និយោជិត និងប្រជាពលរដ្ឋកម្ពុជា ផងដែរ ។
វិធានការអន្តរគមន៍ ចំនួន ៣ជុំ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដាក់ចេញជាបន្ទាន់ ដើម្បីជួយស្រោចស្រង់វិស័យឯកជន ជាពិសេស ក្នុងវិស័យសំខាន់ៗ ដូចជា វិស័យទេសចរណ៍, អាកាសចរណ៍ និងកាត់ដេរវាយនភ័ណ្ឌ និងដើម្បីរក្សាលំនឹងជីវភាពរស់នៅរបស់កម្មករ-និយោជិតដែលបម្រើការក្នុងវិស័យទាំងនេះ ទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ តាមរយៈការលើកទឹកចិត្ត និងការអនុគ្រោះផ្នែកសារពើពន្ធ, ការអនុញ្ញាតឱ្យមិនបង់ប្រាក់ភាគទានធានារ៉ាប់រងរបបហានិភ័យការងារ និងថែទាំសុខភាព ការលើកលែង និងអនុគ្រោះឥណទាន (credit relief), ការបង្កើនសន្ទនីយភាព (liquidity) ទៅក្នុងទីផ្សារ ។ល។
ជាមួយគ្នានេះដែរ, រាជរដ្ឋាភិបាលនឹងដាក់ចេញនូវកម្មវិធីជំនួយសង្គម ដើម្បីជួយសម្រាលការលំបាក និងរក្សាលំនឹងជីវភាពប្រជាជន តាមរយៈការអនុវត្តកម្មវិធីផ្ទេរសាច់ប្រាក់សម្រាប់ក្រុមគ្រួសារប្រជាជនក្រីក្រខ្វះខាត, កម្មវិធីសាច់ប្រាក់ពលកម្ម (Cash for work), ការបណ្ដុះបណ្ដាលជំនាញរយៈពេលខ្លី ដើម្បីបង្កើនលទ្ធភាពបង្កើតអាជីវកម្មផ្ទាល់ខ្លួន និងឈានទៅចាប់យកការងារក្នុងវិស័យថ្មី ។
ឆ្លៀតក្នុងឱកាសនោះដែរ ភាគីទាំងពីរ ក៏បានគូសបញ្ជាក់ថា ឆ្នាំ ២០២០នេះ គឺជាខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា និងអាមេរិក ។ ភាគីទាំងពីរ សន្យានឹងបន្តខិតខំបន្តថែរក្សាចំណងមិត្តភាព ដែលមានជាយូរលុងណាស់មកហើយរវាងប្រទេសទាំងពីរ និងបន្តពូនជ្រុំមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ឱ្យកាន់តែរឹងមាំ និងជ្រាលជ្រៅថែមទៀត៕