ភ្នំពេញ៖ គម្រោងសាងសង់ផ្លូវល្បឿនលឿន(Expressway ) ភ្នំពេញ-ព្រះសីហនុ ដែលមានប្រវែងប្រមាណជាង ១៩០ គីឡូម៉ែត្រ សម្រេចបាន ២០,៦៥% ខណៈដែលការដោះស្រាយផលប៉ះពាល់បាន ៨៨,៨៤% គិតត្រឹមខែមេសា ឆ្នាំ ២០២០ ។
គម្រោងសាងសង់ផ្លូវល្បឿនលឿននេះ ត្រូវបានបើកការដ្ឋានសាងសង់ នាថ្ងៃទី២២ ខែមីនា ឆ្នាំ ២០១៩ ដោយរយៈពេលសាងសង់ចំនួន ៤៨ខែ ហើយគ្រោងនឹងបញ្ចប់ការសាងសង់មុនពេលកំណត់ នាចុងឆ្នាំ២០២២ នេះ ដោយគ្រោងប្រើប្រាស់ថវិកាវិនិយោគ ប្រមាណ ២.០០០លានដុល្លារអាមេរិក ជាការវិនិយោគរបស់ក្រុមហ៊ុនចិនសុទ្ធសាធ តាមរូបភាពសាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ “BOT ។
សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ផ្លូវនេះ ឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៨.៣០គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ៩.១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០.៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង ១.៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩.៨៩គីឡូម៉ែត្រ។
ផ្លូវនេះ តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ពេលដាក់ឱ្យដំណើរការនោះ ក្រុមហ៊ុនក៏បានឯកភាពមិនយកថ្លៃយានយន្តគ្រប់ប្រភេទដែលបើកបរលើផ្លូវល្បឿនលឿននេះ ក្នុងរយៈពេល១ខែដំបូង និងបញ្ចុះតម្លៃ២០% សម្រាប់រយៈពេល១ឆ្នាំបន្ទាប់ពីនោះ។ លើសពីនេះទៀត ក្រុមហ៊ុនបានយល់ព្រមកែសម្រួលកម្រៃសេវាឆ្លងកាត់ក្នុងរយៈពេល ៥ឆ្នាំម្តង នៃប្រតិបតិ្តការអាជីវកម្មរបស់ខ្លួនផងដែរ។
កម្ពុជា ចាត់ទុកផ្លូវល្បឿនលឿននេះ គឺជាបណ្តាញមួយតភ្ជាប់ផ្លូវទូទាំងប្រទេសរបស់ជាតិ និងអន្តរជាតិរាប់ពាន់គីឡូម៉ែត្រ ជាមួយរបៀងសេដ្ឋកិច្ចខាងត្បូងរបស់មហាអនុតំបន់មេគង្គ អនុរបៀងសេដ្ឋកិច្ចខាងត្បូង និងរបៀងសេដ្ឋកិច្ចឆ្នេរខាងត្បូង ក៏ដូចជាតភ្ជាប់ផ្លូវហាយវេអាស៊ាន ជាពិសេស តភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ ទាំង៣ ដែលនឹងបម្រើជាមជ្ឈមណ្ឌលទីបណ្តុំនៃប្រជាជន ជាទីឆ្លងកាត់ព្រំដែនអន្តរជាតិ ជាកំពង់ផែ ជាព្រលានយន្តហោះ តំបន់សេដ្ឋកិច្ចពិសេស ការដឹកជញ្ជូនទំនិញ អ្នកដំណើរបានលឿនឆាប់រហ័ស ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព៕