កម្ពុជា-ចិន ឯកភាព​គ្នា បញ្ជូន​មន្ត្រី​ជំនាញ​​ ជួប​ពិភាក្សា​ ដើម្បី​សិក្សា​ស្តារ​ សេដ្ឋកិច្ច​កម្ពុជា ក្រោយ​វិបត្តិ​កូវីដ១៩

95

ភ្នំពេញ៖ កម្ពុជា-ចិន បានឯកភាពគ្នា នឹងបញ្ជូនមន្ត្រីជំនាញរៀងៗខ្លួន ដើម្បីពិភាក្សាគ្នាជាបន្ទាន់ ក្នុងគោលបំណងស្តារសេដ្ឋកិច្ចប្រទេសកម្ពុជា ក្រោយវិបត្តិកូវីដ១៩ ត្រូវបានបញ្ចប់។ នេះបើយោងតាមការបញ្ជាក់ពីលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក្រោយបញ្ចប់កិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល តាមរយៈវីដេអូ Video Conference ជាមួយលោក Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន នៅថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២០នេះ។

បើតាមលោកឧបនាយករដ្ឋមន្ត្រី ហោង ណាំហុង ភាគីទាំងពីរឯកភាពគ្នាថា ចាប់តាំងពីការផ្ទុះ រាលដាលនៃជំងឺកូវីដ១៩ កម្ពុជា-ចិន បានជួយគ្នាទៅវិញទៅមក ពុះពារហែលឆ្លងទុក្ខលំបាកទាំង​ឡាយ ដែលឆ្លុះបញ្ចាំងពីស្មារតីរួមសុខរួមទុក្ខជាមួយគ្នា ក្នុងសហគមន៍វាសនារួម។ តាមរយៈសមិទ្ធ​ផលដ៏ត្រចះត្រចង់ នៃការរួមគ្នាប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩នេះ ជាកត្តាជំរុញឱ្យភាគីទាំងពីរកាន់តែមានទំនុកចិត្ត ថានឹងទទួលជ័យជម្នះទ្វេទិសទាំងលើមុខព្រួញប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះផង ទាំងលើការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមផង។

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានមានប្រសាសន៍ថា “យើងបានសម្រេចចិត្ត នឹងបញ្ជូនមន្ត្រីបន្ទាន់ រវាងកម្ពុជា និងចិន (ចិនមកកម្ពុជា ឬកម្ពុជាទៅចិន) ដើម្បីអនុវត្តគម្រោងជាចាំបាច់ ហើយសំខាន់ យើងមិនគ្រាន់តែនិយាយតែមាត់ទេ យើងនឹងបញ្ជូនមន្ត្រីនៅក្រសួងនានា ស្ថាប័ននានា ដែលពាក់ព័ន្ធទៅប្រទេសចិន ដើម្បីអនុវត្តគម្រោងជាបន្ទាន់ ដើម្បីស្តារសភាពការណ៍កម្ពុជា វិបត្តិកូវីដ១៩នេះ»។

ភាគីទាំងពីរ បានឯកភាពគ្នាថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ជាកាលានុវត្តភាពថ្មី សម្រាប់ឆ្នាំនេះ ដែលជាខួប១០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន និងខួប១ឆ្នាំ នៃផែនការសកម្មភាព ដើម្បីបង្កើតសហគមន៍វាសនារួម កម្ពុជា-ចិន។ ភាគីទាំងពីរ ក៏បានសន្យាបន្តជំរុញកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រក្នុងការបង្កើនសន្ទុះថ្មី ដល់ការកសាងសហគមន៍វាសនារួម។

ក្រៅពីនេះ ភាគីទាំងពីរ បានឯកភាពគ្នាតម្លើងកម្រិតភារកិច្ចនៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដើម្បីលើកកម្ពស់សមត្ថកិច្ចរបស់គណៈកម្មាធិការនេះមួយកម្រិតទៀត។ បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ១៩ ត្រូវបានបញ្ចប់ និងស្ថានភាពត្រឡប់មកជាធម្មតាវិញ កិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យនានា នឹងត្រូវបានជំរុញបន្ថែមទៀត រួមទាំងការអនុវត្តតាមផែនការសកម្មភាព ដើម្បីកសាងសហគមន៍វាសនារួម ដែលជាគោលការណ៍ចំបង៕