កម្ពុជា ​ដាក់​ដំណើរការ​ជាផ្លូវការ នូវ​ ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​ តាម​ថ្នាល​ បច្ចេកវិទ្យា​ព័ត៌មាន

80

ភ្នំពេញ៖ នៅថ្ងៃទី ១៥ ខែ មិថុនានេះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដោយមានការចូលរួមពីសំណាក់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា សមាគមតំណាងវិស័យឯកជន និងក្រុមអ្នកសារព័ត៌មាន ។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា “ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន” ជាបង្គោលចរថ្មីមួយនៃការកែទម្រង់មុតស្រួចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ភាពប្រកួតប្រជែង និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ។

ចាប់ពីថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២០ នេះតទៅ ធុរជន អាចធ្វើការចុះបញ្ជីអាជីវកម្មថ្មីបាន តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ជាកញ្ចប់ ដែលមានអាសយដ្ឋាន www.registrationservices.gov.kh ដូចជា ការចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម, ការចុះបញ្ជីពន្ធដារនៅអគ្គនាយកដ្ឋានពន្ធដារ និងការធ្វើសេចក្តីប្រកាសផ្តល់ដំណឹងបើកសហគ្រាស ជូនទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពេលតែមួយ និងត្រូវការពេលវេលាយ៉ាងយូរត្រឹម ៨ថ្ងៃ នៃថ្ងៃធ្វើការប៉ុណ្ណោះ ជាមួយនឹងការចំណាយតិចជាងមុន រហូតជាងពាក់កណ្តាល ។ ទន្ទឹមនឹងនេះ វិនិយោគិនអាចស្នើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់(QIP) តាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះផងដែរ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។

ប្រព័ន្ធចុះបញ្ជីអាជីវកម្ម និងយន្តការថ្មីនេះ  គឺជាប្រព័ន្ធទីមួយរបស់រាជរដ្ឋាភិបាល ដែលមានការតភ្ជាប់ផ្លាស់ប្តូរទិន្នន័យជាមួយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងក្របខ័ណ្ឌ ជាប្រព័ន្ធអេកូឡូហ្សី ហើយដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាលក្ខណៈអន្តរក្រសួង ដោយទិន្នន័យទាំងអស់ នឹងត្រូវបានបញ្ជូនចែករំលែកដោយស្វ័យប្រវត្តិ ទៅប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការត្រួតពិនិត្យ និង ផ្តល់កាអនុម័ត ។ ដំណើការនៅក្នុងការចុះបញ្ជី, ការដាក់ឯកសារយោង ក៏ដូចជាការទទួលបានមកវិញនូវវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម, វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ, បណ្ណប៉ាតង់ ក៏ដូចជាឯកសារផ្សេងទៀតទាំងអស់ នឹងត្រូវផ្តល់ និងទទួលបានជាទម្រង់ឌីជីថល ដែលនឹងត្រូវបានធ្វើឡើងទាំងស្រុងនៅលើថ្នាលបច្ចេកវិទ្យាព័ត៌មាន ហើយមិនមានការប្រើប្រាស់ជាឯកសាររូបី ក្នុងទម្រង់រឹងទៀតទេ។ តាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ នីតិវិធីស្មុគស្មាញ, ការផ្តល់ព័ត៌មានច្រើនដង និងច្រំដែល, ពេលវេលា និងការចំណាយ ដែលកើតមាននៅតាមបណ្តាដំណាក់កាលនៃការចុះបញ្ជីអាជីវកម្ម នៅក្នុងក្របខណ្ឌយន្តការចាស់ ត្រូវបានកាត់បន្ថយជាអតិបរមា ។

លើសពីនេះ ប្រព័ន្ធចុះបញ្ជីអាជីវកម្មថ្មីនេះ នឹងផ្តល់ឱកាសដ៏សំខាន់មួយទៀតផងដែរ ដល់ធុរជនដែលកំពុងស្វែងរកឯកសារគតិយុត្តកំណត់អត្តសញ្ញាណអាជីវកម្មរបស់ខ្លួន ដើម្បីពន្លឿន និងទទួលបានឥណទានពីកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ក្នុងវិធានការជួយដល់វិស័យឯកជន ដែលទទួលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩ ។

ពិធីប្រកាសដាក់ដំណើរការជាផ្លូវការនូវ “ប្រព័ន្ធចុះបញ្ចីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន” នាពេលនេះគ្រាន់តែជាដំណាក់កាលទី ១ ដែលផ្តោតជាសំខាន់លើការចុះបញ្ជីអាជីវកម្មថ្មីតែប៉ុណ្ណោះ ។ នៅក្នុងដំណាក់កាលបន្ទាប់ រាជរដ្ឋាភិបាលនឹងបន្តពង្រីកវិសាលភាពនៃប្រព័ន្ធនេះ ឈានទៅគ្របដណ្តប់ដល់គ្រប់ក្រសួង-ស្ថាប័នផ្សេងទៀត ដើម្បីរៀបចំការផ្តល់អាជ្ញាបណ្ណនានាតាមថ្នាលបច្ចេកវិទ្យាព័ត៌មានថែមទៀត ។

លទ្ធផលនៃការកសាងប្រព័ន្ធនេះ បានបង្ហាញយ៉ាងច្បាស់ថា ទោះបីជាកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល កំពុងតែបន្តទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩, រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណដ៏ឈ្លាសវៃ, ចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកនិយមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនបានបន្ថយល្បឿននៃការងារកែទម្រង់របស់ខ្លួនទេ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលបានចាត់ទុកកាលៈទេសៈនៃវិបត្តិនេះ គឺជាកាលានុវត្តភាពសម្រាប់ជំរុញកិច្ចការកែទម្រង់មុតស្រួច ឱ្យកាន់តែសកម្មឡើងថែមទៀត ដើម្បីឆ្លើយតបទៅនឹងវិបត្តិផង និង សំលៀងសម្រួចភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិ សំដៅជំរុញធ្វើពិពិធកម្មមូលដ្ឋាននៃកំណើន និង គាំទ្រដល់កំណើនប្រកបដោយចីរភាពសម្រាប់រយៈពេលវែងផង៕