ប៉ៃលិន៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរខេត្តប៉ៃលិន បានចុះជួបជាមួយសសហគមន៍មៀនប៉ៃលិន កាលពីចុងសប្តាហ៍កន្លងទៅនេះ បន្ទាប់ពីទទួលបានលិខិតស្នើសុំពីសហគមន៍មៀនខេត្តបាត់ដំបង និងខេត្តប៉ៃលិន ឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយអន្តរាគមន៍ស្វែងរកទីផ្សារកសិផលមួយចំនួនដែលកំពុងកកស្ទះ ជាពិសេសមៀនប៉ៃលិន ។
លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា កសិផលជាច្រើនប្រភេទដែលខេត្តប៉ៃលិនមានលទ្ធភាពផលិតបាន ក្នុងនោះមាន ពោតក្រហម ដំឡូងមី សណ្តែកសៀង មៀនប៉ៃលិន មៀនក្រអូប ស្វាយ ក្រូចពោធិ៍សាត់ សាវម៉ាវ ទុរេន ខ្នុរ ទៀប ត្របែក និងកៅស៊ូ លើផ្ទៃដីសរុប ៦៩.២៤៦ហិកតា។
លោកអភិបាលខេត្តបញ្ជាក់ថា បច្ចុប្បន្ន បញ្ហានៃការនាំចេញកសិផលរបស់ខេត្តទៅកាន់ទីផ្សារថៃ មានដំឡូងមី ពោតក្រហម និងមៀនប៉ៃលិន កំពុងកកស្ទះដោយសាររបាំងបច្ចេកទេសនៃប្រទេសនាំចូល។
លោកអភិបាល បានលើកឡើងថា ខេត្ត ក៏ដូចជាវិនិយោគិនខ្វះទុនសម្រាប់សាងសង់រោងចក្រកែច្នៃជាផលិតផលសម្រេច រោងសម្ងួត វេចខ្ចប់ និងឃ្លាំងស្តុក។ល។ ដែលកិច្ចការនេះ ទាមទារការវិនិយោគដើម្បីជួយជំរុញកសិផលរបស់ខេត្ត មានទីផ្សារ ទាំងផលិតផលស្រស់ និងកែច្នៃ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់សហគមន៍មៀនប៉ៃលិនថា ក្រសួង កំពុងពុះពារជំរុញ និងចចារជាមួយភាគីចិនយ៉ាងយកចិត្តទុកដាក់ និងស៊ីជម្រៅទាំងការងារបច្ចេកទេស និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យសំខាន់ៗ ដែលភាគីនាំចេញ (កម្ពុជា) ត្រូវបំពេញឱ្យខាងតែបាន។
លោក អះអាងថា ថ្មីៗនេះ ក្រសួង បានទទួលចម្លើយបឋមពីភាគីចិនថា ករណីសំណើនាំចេញមៀនប៉ៃលិន ភាគីចិន បាន និងកំពុងពិនិត្យលើឯកសារសំណើនេះតាំងពីខែមិថុនា ឆ្នាំ២០១៩ ហើយ សង្ឃឹមថា ឯកសារសំណើនេះ នឹងត្រូវបានអនុម័តក្រោយពេលពិធីសារនាំចេញស្វាយស្រស់កម្ពុជា ដែលបានផ្លាស់ប្តូររវាងភាគីទាំងពីរកាលពីសប្តាហ៍មុនអនុវត្តបានរលូនជាមុនសិន។
ជាមួយគ្នានេះ ដើម្បីបំពេញលក្ខខណ្ឌតម្រូវរបស់ភាគីចិន រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏បានណែនាំដល់ប្រជាសហគមន៍ ត្រូវដាំដុះគោរពតាមលក្ខខណ្ឌបទដ្ឋានបច្ចេកទេសឱ្យបានត្រឹមត្រូវ ទាំងការដាំដុះ ថែទាំ ការពារសត្វចង្រៃ ការប្រើជី និងថ្នាំពុលកសិកម្ម សម្រាប់កម្ចាត់សត្វល្អិត ត្រូវអនុវត្តតាមបែបកសិកម្មល្អ។
យោងតាមរបាយការណ៍របស់សហគមន៍មៀនខេត្តប៉ៃលិន បានឱ្យដឹងថា បច្ចុប្បន្នមៀនប៉ៃលិនមានផ្ទៃដីដាំដុះសរុបទូទាំងខេត្តប្រមាណជា ៣.២៥០ ហ.ត បានផ្តល់ទិន្នផលបានជាង ៣.២៥០០ ត/ឆ្នាំ ដែលផលិតកម្មមួយនេះ បានបង្កើតការងារជូនប្រជាជននៅមូលដ្ឋានបានរាប់ពាន់នាក់។
ក្រៅពីលក់មៀនស្រស់ សហគមន៍ ក៏មានរៀបចំខ្សែច្រវាក់ផលិតកម្មកែច្នៃជាលក្ខណៈតូច និងមធ្យមផងដែរ។ បច្ចុប្បន្ននេះ សហគមន៍បាន និងកំពុងជួបប្រទះបញ្ហាសំខាន់ៗដែលសហគមន៍បានស្នើសុំដល់រដ្ឋមន្ត្រីកសិកម្ម និងស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍ដោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ក្នុងនោះមានដូចជា៖
ទី១. ការលំបាកក្នុងការនាំចេញផលិតផលមៀនប៉ៃលិនកម្ពុជាទៅកាន់ទីផ្សារបរទេស
ទី២. នីតិវិធីក្នុងការចុះបញ្ជីចម្ការមៀនឱ្យស្របតាមគោលការណ៍នៃការអនុវត្តកសិកម្មល្អ
ទី៣. នីតិវិធីស្នើសុំបញ្ជាក់គុណភាព ISO។
យោងតាមតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម បានបញ្ជាក់ថា នៅឆ្នាំ២០១៩ នៅទូទាំងប្រទេស ផ្ទៃដីដាំមៀនប៉ៃលិនមានចំនួន ៨.៩២៥ហ.ត និងទិន្នផលទទួលបាន ៨៩.២៥៧តោន ក្នុងមួយឆ្នាំ៕
អត្ថបទ៖ សៀម ប៊ុនធី