សម្តេចតេជោ ហ៊ុន សែន ប្រកាស​ទម្លាក់​ថវិកាប្រមាណ ៥លានដុល្លារ​អាមេរិក​បន្ថែម ដើម្បី​ពង្រីក​ការចិញ្ចឹម​ត្រី​នៅក្នុង​ប្រទេសកម្ពុជា

2187

ព្រៃវែង៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសទម្លាក់ថវិកាប្រមាណ ៥លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីពង្រីកការចិញ្ចឹមត្រីនៅក្នុងប្រទេសកម្ពុជា។

ការប្រកាសទម្លាក់ថវិកានេះ បានធ្វើឡើងខណៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី ក៏ដូចជាសំ​ណេះសំណាលជាមួយប្រជាកសិករនៅស្រុកពាមរក៍ ខេត្តព្រៃវែង។

បើតាមសម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្នមានកសិករចិញ្ចឹមត្រី ប្រមាណ ៤ម៉ឺន ៦ពាន់គ្រួសារ ហើយសម្តេច ចង់ពង្រីកឱ្យបានដល់ ១០ម៉ឺនគ្រួសារ ដើម្បីបង្កើនការចិញ្ចឹមត្រីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។ ក្នុងន័យនេះ សម្តេចតេជោ បានជំរុញឱ្យក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ ត្រូវខិតខំជំរុញលើការពង្រីកចំនួនកសិករចិញ្ចឹមត្រីនេះ ហើយសម្តេចតេជោ បានប្រកាសនឹងបន្ថែមថវិកាវិនិយោគបន្ថែមទៀតលើការចិញ្ចឹមត្រីនេះ ប្រសិនបើមានតម្រូវការបន្ថែម។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបន្ថែមថា ការទម្លាក់លុយវិនិយោគលើការចិញ្ចឹមត្រីក្នុងស្រុកនេះ ជាការផ្តល់ការងារជូនប្រជាពលរដ្ឋ និងការបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ។សម្តេចតេជោ ក៏បានជំរុញឱ្យពលរដ្ឋ ដែលត្រលប់មកពីប្រទេសថៃ និងពលរដ្ឋដែលរងផលប៉ះពាល់ដោយកូវីដ១៩ អាចងាកមកចាប់មុខរបរចិញ្ចឹមត្រី ដោយរដ្ឋ នឹងផ្តល់នូវកូនត្រី រួមនឹងជួយបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមត្រីបន្ថែមផងដែរ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម បានឱ្យដឹងថា បច្ចុប្បន្ននេះ ចំនួនគ្រួសារធ្វើវារីវប្បកម្មសរុបទូទាំងប្រទេសមានចំនួន ៤៦,០០០គ្រួសារ ក្នុងនោះគ្រួសារសរុបដែលធ្វើវារីវប្បកម្មវារីសត្វក្នុងស្រះមានចំនួន ៤១,៩៣៩គ្រួសារ ស្មើនឹង ៩០%។ រីឯចំនួនគ្រួសារដែលធ្វើវារីវប្បកម្មវារីសត្វនៅក្នុងបែមានចំនួន ៤,០៦១គ្រួសារ ស្មើនឹង ១០%។ ទន្ទឹមនឹងនេះ ក្រសួង បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងមានសមត្ថកិច្ចពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បង្ក្រាបបទល្មើសជលផល ដោយសម្រេចបាន ៣,១០១ករណី ប្រៀបធៀបឆ្នាំមុនថយចុះចំនួន ១០៣ករណី៕