កម្ពុជា មាន​សក្តានុពល​ខ្ពស់​​ នាំចេញ​ត្រី​ ទៅកាន់​ ទីផ្សារប្រទេសចិន

1669

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា ប្រទេសកម្ពុជា មានសក្តានុពលខ្ពស់ផ្នែកវិស័យកសិកម្ម ដែលមានទំហំផលិតកម្មរហូតដល់ ២៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) និងមានចំនួនប្រជាជនបម្រើក្នុងវិស័យនេះប្រមាណ ៤០ភាគរយ។ កត្តានេះអាចធានាការផ្គត់ផ្គង់សន្តិសុខស្បៀងសម្រាប់ប្រជាជន នៅក្នុងវិបត្តិកូវីដ១៩ និងអាចនាំចេញទៅក្រៅប្រទេសមួយចំនួនទៀតផង។

លោក វង្ស៊ី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ក្នុងរយៈពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ កម្ពុជា កំពុងចាប់យកឱកាសជំរុញវិស័យកសិកម្មឱ្យអស់សក្តានុពល ដែលផ្តោតលើផ្នែក ៣សំខាន់គឺ ការចិញ្ចឹមសត្វ ចិញ្ចឹមត្រី និងការដាំបន្លែ ប៉ុន្តែត្រូវសិក្សាឱ្យច្បាស់លាស់ពីទំហំទីផ្សារ បញ្ហាប្រឈម ដែលវាស់ឱ្យចំគោលដៅ ប្រសិនបើយើងធ្វើហួសមាឌ វាក៏បង្កបញ្ហាទីផ្សារវិញដែរ។

លោកបញ្ជាក់ថា៖ «នេះអាចជាឱកាសសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកផង ជំនួសការនំាចូល និងថ្ងៃក្រោយនាំចេញផង ជាពិសេសត្រី ចិនប្រាប់ថា ត្រីកម្ពុជា មានសក្តានុពលខ្ពស់ណាស់ ក្នុងការនាំចេញទៅចិន ព្រោះត្រីនៅស្រុកយើងនៅថោកនៅឡើយទេ បើធៀបនឹងចិន»។

ជាមួយគ្នានេះ លោក ក៏បានលើកឡើងទៀតថា ផ្លែឈើខ្លះនៅស្រុកប្រទេសកម្ពុជាសព្វថ្ងៃនៅមានតម្លៃថោកនៅឡើយ ហើយមានតម្រូវការនំាចេញទៅចិនទៀត ប៉ុន្តែយើងត្រូវផលិតឲ្យមានតម្លៃសមរម្យ និងមានស្តង់ដារ ទើបអាចនាំចេញទៅប្រកួតប្រជែងឈ្នះគេ។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា ក្នុងស្ថានភាពដែលមានការប៉ះពាល់ជាសកលបង្កដោយជំងឺកូវីដ១៩ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលការការគាំទ្រហិរញ្ញប្បទានជាបឋមចំនួនប្រមាណជាង ៤,៦៨លានដុល្លារ ដើម្បីចាប់ផ្តើមសកម្មភាពចុះជួយដល់កសិករជាង ៦០០០គ្រួសារ បន្ថែមទៀត។ ក្នុងនោះថវិកាទំាងនេះ នឹងផ្តោតទៅលើគ្រួសារកសិករជាគោលដៅចិញ្ចឹមត្រីអណ្តែង និងកង្កែប។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីអញ្ជើញបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី ក៏ដូចជាសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកពាមរក៍ ខេត្តព្រៃវែង នៅថ្ងៃអង្គារនេះមានប្រសាសន៍ថា រាជរដ្ឋាភិបាល នឹងទម្លាក់ថវិកាប្រមាណ ៥លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីពង្រីកការចិញ្ចឹមត្រីនៅក្នុងប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន លើកឡើងថា បច្ចុប្បន្នមានកសិករចិញ្ចឹមត្រី ប្រមាណ ៤ម៉ឺន ៦ពាន់គ្រួសារ ហើយសម្តេច ចង់ពង្រីកឱ្យបានដល់ ១០ម៉ឺនគ្រួសារ ដើម្បីបង្កើនការចិញ្ចឹមត្រីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ផលនេសាទទឹកសាបក្នុងត្រីមាសទី ១ សម្រេចបាន (ដាយត្រី លក្ខណៈគ្រួសារ និងតាមវាលស្រែ) សរុប ៨៨.៣៦០តោន ធ្លាក់ ៣,៧១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩។

ចំណែកផលនេសាទសមុទ្រអនុវត្តបានចំនួន ២៥.៧៨០តោនធ្លាក់ចុះ ០,២ភាគរយ។ ដោយឡែកផ្នែកវារីវប្បកម្ម (ការចិញ្ចឹមត្រី និងបង្គា) មាន ៥១.៨៦៦តោន កើនឡើង ១៩,៩ភាគរយ។ ជាមួយគ្នានេះ ក្នុងត្រីមាសទី ១ ឆ្នាំ ២០២០នេះ កម្ពុជាបាននាំចេញផលនេសាទចំនួន ៣.៤៧៥តោន កើនឡើង ០,៧២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩៕

អត្ថបទ៖ សៀម ប៊ុនធី