នៅ​ខេត្តប៉ៃលិន មាន​ដំណាំ​ចំនួន ៤ ប្រភេទ ដែល​បានដើរតួ​យ៉ាងសំខាន់

859

ប៉ៃលិន៖ អតីតខេត្តយុទ្ធសាស្ត្រសម័យសង្គ្រាម (ប៉ៃលិន) ដែលបច្ចុប្បន្ន បានប្រែមុខមាត់ថ្មីពីសមរភូមិសង្គ្រាមរវាងកងទ័ពខ្មែរក្រហម និងកងកម្លាំងរបស់រដ្ឋាភិបាល មកជាការអិវឌ្ឍលើគ្រប់វិស័យ ដូចនឹងបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជាផងដែរ។  បច្ចុប្បន្នខេត្តប៉ៃលិននេះ មានដំណាំចំនួន ៤ប្រភេទ បានដើរតួយ៉ាងសំខាន់ក្នុងខេត្តមួយនេះ។ នេះបើតាមការឱ្យពីលោក ធូ ភា អភិបាលរងខេត្តប៉ៃលិន ក្នុងសន្និសិទ្ធសារព័ត៌មាននៅទីស្តីការគណរដ្ឋមន្ត្រី នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ។

លោក ធូ ភា បានឱ្យដឹងថា ដំណាំចំនួន៤ប្រភេទនោះ រួមមាន ដំណាំមៀនប៉ៃលិន (តាង៉ែន) មានចំនួន ៤,៣៨៣ហិកតា, ស្វាយកែវល្មៀតមានចំនួន ៥,៥៦៥ហិកតា, ដំណាំដំឡូងមីមានចំនួន ៤២,១១០ហិកតា និងពោតក្រហមមានចំនួន ៧,៧១៦ហិកតា។ ក្រៅពីនេះ ក៏មានដំណាំផ្សេងៗទៀតផងដែរ ជាមួយនឹងការពង្រីកបន្ថែមការចិញ្ចឹមសត្វគោ ជ្រូក មាន់ ទា កង្កែបជាដើម។

លោក បញ្ជាក់ថា គ្រាន់តែផ្លែមៀនប៉ៃលិនក្នុងមួយឆ្នាំ បាននាំចេញទៅប្រទេសថៃមានចំនួនពី ៥ពាន់ ទៅ ៦ពាន់តោន ដោយដំណាំប្រភេទនេះ ខេត្តមានកន្លែងវេចខ្ចប់ និងថ្នាំសម្លាប់មេរោគដើម្បីនាំចេញដោយខ្លួនឯង។ លើសពីនេះទៀតក្រុមហ៊ុន ក៏មានម៉ាស៊ីនសម្រាប់សម្ងួតផ្លែមៀនផងដែរ ដែលម៉ាស៊ីននោះ មានឡសម្ងួតចំនួន៤ ដែលមានលទ្ធភាពសម្ងួតផ្លែមៀនបាន ២,៤០០គីឡូក្រាមក្នុងរយៈមួយម៉ោង។ កសិផលទាំងអស់នោះ ក្រៅពីការនាំចេញទៅប្រទេសថៃ ក៏មានប្រទេសចិន និងប្រទេសមួយចំនួនទៀតផងដែរ។

សូមបញ្ជាក់ថា ខេត្តប៉ៃលិន បានពង្រីកវិស័យកសិកម្ម និងវិស័យពាណិជ្ជកម្មផងដែរ ដែលមានផ្ទៃដីដាំដុះកសិកម្មសរុបក្នុងឆ្នាំ២០១៩ អនុវត្តបានចំនួន ៧៧,៣៨៣ហិកតា ទទួលបានបរិមាណសរុប ១,០១៤,៨៩៦តោន ក្នុងនោះស្រូវប្រាំង និងវស្សាចំនួន ៨,៦០០ហិកតា ដំណាំរួមផ្សំផ្សេងៗចំនួន ៥៦,៥១៥ហិកតា, ដំណាំហូបផ្លែចំនួន ១០,២២៧ហិកតា និងដំណាំឧស្សាហកម្មមានចំនួន ២,០៤១ហិកតា

ប្រជាជននៅខេត្តប៉ៃលិន អាយុ១៥ឆ្នាំឡើងមានចំនួន ៥០,៦៩៩នាក់ បានបញ្ចូលទិន្នន័យចំនួន ៤៩,៨៦៧នាក់ និងបានផ្តល់អត្តសញ្ញាណប័ណ្ណចំនួន ៤៨,៩២៨នាក់៕

ដោយ៖ គង់ ប៊ុនណា