ក្រុមហ៊ុន​ចំនួន ៤ សម្រេច​ចូល ផ្សារហ៊ុន​កម្ពុជា ទោះ​មាន​បញ្ហា​វិបត្តិ​ជំងឺ កូវីដ១៩ ក៏​ដោយ

56

ភ្នំពេញ៖ បើទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោក ក៏ដូចជាសេដ្ឋកិច្ចប្រទេសកម្ពុជា កំពុងរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ហើយផ្សារហ៊ុននៅទូទាំងសកលលោករងការរង្គោះរង្គើជាខ្លាំងនៅដើមឆ្នាំនេះក៏ដោយ ប៉ុន្តែអ្វីគួរកត់សម្គាល់នោះ នៅឆមាសទី១ឆ្នាំ ២០២០នេះ ក្រុមហ៊ុនថ្មីៗ ចំនួន ៤ទៀត បានដំណើរការចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជា។

លោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងរយៈពេល ៦ខែ ចន្លោះពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២០នេះ មានក្រុមហ៊ុនចំនួន ៤ បានធ្វើការចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា ដែលក្នុងនោះចំនួន ៣ក្រុមហ៊ុន បោះផ្សាយលក់មូលបត្របំណុល និងចំនួន ១ក្រុមហ៊ុន បានលក់ប័ណ្ណភាគហ៊ុន។

លោកបានអះអាងថា មានហេតុផលធំពីរដែលធ្វើឱ្យក្រុមហ៊ុនទាំងនេះសម្រេចឈានជើងចូលប្រឡូកក្នុងវិស័យមូលបត្រនៅកម្ពុជានាពេលនេះ ទោះបីទាំងដឹងថាពិភពលោកកំពុងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ដោយសារតែការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ។

លោកបានពន្យល់ថា ហេតុផលទីមួយ គឺវិនិយោគិនទាំងនេះ បានត្រៀមខ្លួនទុកមុនរួចជាស្រេចហើយ តាំងពីមួយឆ្នាំមុនមកម្លេះ ដើម្បីដំណើរការឡើងផ្សារភាគហ៊ុនរបស់ខ្លួន។ ហេតុផលទីពីរ គឺមកពីឆន្ទៈដ៏មុះមុតរបស់ថ្នាក់ដឹកនាំក្រុមហ៊ុនចុះបញ្ជី ដែលជឿទុកចិត្តមកលើផ្សារមូលបត្រកម្ពុជា ព្រមទាំងដំណើរឆ្ពោះទៅមុខនៃសេដ្ឋកិច្ចរបស់កម្ពុជា។

លោកបញ្ជាក់ថា៖ «នេះគឺជារូបភាពដ៏ល្អមួយនៅដើមឆ្នាំនេះ ថ្វីដ្បិតថា យើងទទួលការប្រឈមនៃការរាតត្បាតជាសកលនៃជំងឺក៏ដោយ តែជាកត្តាមួយដែលអាចបញ្ជាក់ថា ដំណើរនៃទីផ្សារមូលបត្ររបស់យើង គឺបន្តឆ្ពោះទៅមុខជានិច្ច»។

លោកថ្លែងថា «ខ្ញុំសូមអរគុណដល់ក្រុមហ៊ុនដែលបោះផ្សាយមូលបត្របំណុល និងធនាគារអេស៊ីលីដា ដែលបោះផ្សាយមូលបត្រកម្មសិទ្ធិ ដែលមិនយកស្ថានភាពនេះ ធ្វើជាមូលហេតុក្នុងការព្យាពេល។ កត្តានេះ ធ្វើឱ្យវិនិយោគិនកាន់តែបង្កើនទំនុកចិត្តមកលើទីផ្សារមូលបត្រកម្ពុជា»។

ទោះជាយ៉ាងណា លោក ស៊ូ សុជាតិ បានឱ្យដឹងថា នៅត្រីមាសទី១ ឆ្នាំ ២០២០នេះ សន្ទស្សន៍ជួញដូរភាគហ៊ុននៅផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដោយសារបញ្ហាវិបត្តិជំងឺកូវីដ-១៩នេះ។

បច្ចុប្បន្នផ្សារមូលបត្រកម្ពុជា មានសហគ្រាសរដ្ឋ និងឯកជនចំនួន ១២ហើយ ដែលបានចុះបញ្ជីជួញដូរជាផ្លូវការ ដែលក្នុងនោះក្រុមហ៊ុនបោះផ្សាយលក់ប័ណ្ណភាគហ៊ុន ឬមូលបត្រកម្មសិទ្ធិចំនួន ៦ និងលក់មូលបត្របំណុល ឬសញ្ញាបណ្ណ ចំនួន ៦ ដែលក្នុងនោះរាប់បញ្ចូលទាំងក្រុមហ៊ុនថ្មីៗចំនួន ៤បន្ថែមទៀត ដែលរួមមានដូចជា ធនាគារភ្នំពេញពាណិជ្ជ ម.ក, ក្រុមហ៊ុន អ អិម អេ (ខេមបូឌា), គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ និងធនាគារអេស៊ីលីដា ភីអិលស៊ី។ ក្រុមហ៊ុនទាំង ១២នេះ បានប្រមូលទុនពីទីផ្សារមូលបត្រ សរុបប្រមាណជាង ២៤០លានដុល្លារ៕

អត្ថបទ៖ សៀម ប៊ុនធី