កម្សាន្ត៖ កោះស្ដេច គឺជាកោះធម្មជាតិមួយ ស្ថិតនៅក្នុងភូមិ កោះស្តេច ឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង។ កោះស្តេចគឺជាប្រជុំកោះ នៃកោះដែលនៅជុំវិញនោះ វាមានរាងដូចសណ្តែក លាតសន្ធឹងពីជើងទៅត្បូងមានប្រវែងប្រមាណ ២.៨ គីឡូម៉ែត្រ មានរាងសំប៉ែត និងពោរពេញទៅដោយព្រៃធម្មជាតិ ការតាំងទីលំនៅជាចម្បងរបស់ប្រជាជនភាគច្រើននៅភាគខាងជើង ដោយសារភាគខាងជើងជាតំបន់ឆ្នេរ ងាយស្រួលក្នុងការតាំងទីលំនៅ និងមិនសូវមានខ្យល់បោកបក់ខ្លាំងនៅរដូវវស្សា។

រីឯ ភាគខាងត្បូងគឺស្ទើរតែមិនមានប្រជាជនរស់នៅ ចំណែកនៅភាគខាងលិច មានផ្ទះស្នាក់ ដែលភាគច្រើនប្រជាជន និងភ្ញៀវទេសចរទៅលម្ហែកាយ ហាត់ប្រាណ ហែលទឹក និងមើលថ្ងៃលិចនៅពេលល្ងាច។ ចំណែកឯនៅចុងភាគខាងត្បូងនៃកោះមានរមណីយដ្ឋានបែបធម្មជាតិ(Eco Resort) ដែលអាចឱ្យភ្ញៀវទេសចរមើលថ្ងៃលិច និងថ្ងៃរះយ៉ាងស្ងប់ស្ងាត់ ។

ភូមិនេះមានចំនួនគ្រួសារសរុប ៥៧៤គ្រួសារ និងមានចំនួនប្រជាជនសរុប ២៣៩៨ នាក់គិតត្រឹមឆ្នាំ២០១៨។ ប្រជាជនភាគច្រើនប្រកបមុខរបរនេសាទ និងលក់ដូរបន្តិចបន្តួច ប៉ុន្តែដោយសារសព្វថ្ងៃនេះកំណើនភ្ញៀវទេសចរកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ប្រជាជននៅលើកោះស្តេចមួយចំនួនកំពុងតែបំប្លែងខ្លួនពី មុខរបរនេសាទ ការលក់ដូរ ទៅជាអាជីវកម្មជាកន្លែងស្នាក់នៅក្នុងភូមិ ហាងអាហារ ទូកទេសចរណ៍សម្រាប់ដឹកភ្ញៀវកម្សាន្តជាដើម។

កោះស្ដេច មានចម្ងាយប្រមាណជា ២៥០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដោយត្រូវធ្វើដំណើរជាពីរដំណាក់កាល គឺផ្លូវគោក និង ផ្លូវទឹកដោយជិះអូប័រ (ទូកតូចដែលមានល្បឿនលឿន) នៅលើកោះស្ដេច មានកន្លែងស្នាក់នៅ អាហារដ្ឋាន កន្លែងលក់ដូរនំភេសជ្ជៈគ្រប់មុខ។ ដោយសារតែពីមុនប្រជាជននៅទីនោះពឹងផ្អែកលើមុខរបរនេសាទ ទើបធ្វើឱ្យមានការសង់ទីលំនៅលុបលើតំបន់ឆ្នេរងាយស្រួលក្នុងការចេញចូលទូកទើបធ្វើឱ្យកោះស្តេចមិនសូវមានឆ្នេរសម្រាប់លេងទឹកទេ។

ទន្ទឹមគ្នានេះ ភ្ញៀវទេសចរអាចជួលទូកជិះទៅស្ទូចត្រី មុជទឹកសមុទ្រ មើលផ្កាថ្ម និងប្រព័ន្ធជីវចម្រុះនៅបាតសមុទ្រ ពីកោះស្ដេចទៅទស្សនាតំបន់កោះនានា ស្ថិតនៅប្រជុំកោះក្បែរៗនោះទៀតផង។ បច្ចុប្បន្ននេះកោះស្តេចកំពុងក្លាយជាគោលដៅទេសចរណ៍ដែលមានប្រជាប្រិយភាពមួយដោយសារទេសភាពកោះដ៏ស្រស់ស្អាត និងសាកសមបំផុតសម្រាប់អ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់៕







ប្រភព៖ កោះស្តេច