តើឈ្មោះ ភ្នំ១០០៥ ឬ ភ្នំ១៥០០ ដែលនៅចំណុច ផ្លូវអន្ទង់អាំង មួយណាជាឈ្មោះផ្លូវការ?

2505

បន្ទាប់ពីមានការភ័ន្តច្រឡំរវាងឈ្មោះភ្នំ ១០០៥ ឬ ភ្នំ ១៥០០ មន្ទីរទេសចរណ៍ ខេត្តបាត់ដំបង បានធ្វើការបកស្រាយ ដើម្បីឱ្យប្រជាពលរដ្ឋបានជ្រាបច្បាស់ ពីភ្នំដែលស្ថិតនៅតាមដងផ្លូវជាតិលេខ៥៥។

យោងតាមប្រភពខាងលើ បានឱ្យដឹងថា សម្រាប់ឈ្មោះភ្នំ១០០៥ គឺហៅតាមផែនទីភូមិសាស្ត្រតរបស់ទាហានកាលពី សង្គ្រាមជាមួយខ្មែរក្រហម។ ចំណែកឈ្មោះភ្នំ១៥០០ គឺហៅតាមការកំណត់កម្ពស់ភ្នំ ធៀបជាមួយនីវ៉ូទឹកសមុទ្រ តែកម្ពស់ពិតមិនមែន១៥០០ម៉ែត្រទេ គឺ១៦០០ម៉ែត្រ ហើយត្រង់ចំណុចផ្លូវអន្ទង់អាំងមានកម្ពស់ប្រមាណតែ៩០០ម៉ែត្រ។

ភ្នំ១៥០០ បង្ហាញសម្រស់នៅលើផ្លូវជាតិលេខ៥៥ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលមានសម្រស់ស្រស់ស្អាត ត្រូវបានសម្ពោធកាលពីថ្ងៃទី០៩ មីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន។

សូមជម្រាបថា ផ្លូវជាតិលេខ ៥៥ ប្រវែងសរុប ១៨២,១៦ គ.ម ចាប់ពីខេត្តពោធិ៍សាត់ (ផ្លូវជាតិលេខ ៥ គីឡូម៉ែត្រលេខ ១៩១) ទៅដល់ វាលវែង-ថ្មដា (ព្រំដែនកម្ពុជា-ថៃ) បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ស្របជាមួយការបើកការដ្ឋានសាងសង់ ផ្លូវជាតិលេខ ១០ ប្រវែងសរុប ១៩៨,៧១ គ.ម ចាប់ពី ខេត្តបាត់ដំបង (សំឡូត) កាត់ខេត្តពោធិ៍សាត់ (វាលវែង) ទៅដល់ខេត្តកោះកុង (ក្រុងខេមរភូមិន្ទ) កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០៕

ប្រភព៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង

អត្ថបទ៖ លាភ