បន្ទាយមានជ័យ៖ កម្ពុជា បានទទួលភ្ញៀវទេសចរពីមួយឆ្នាំទៅមួយឆ្នាំកាន់តែកើនឡើងជាលំដាប់គ្រប់តំបន់ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ។ ជាក់ស្តែង បើក្រឡេកមើលទៅខេត្តបន្ទាយមានជ័យ មកទល់ពេលនេះ បានអភិវឌ្ឍតំបន់ទេសចរណ៍ទាក់ទាញបានជាច្រើន ជាពិសេស ប្រាសាទបន្ទាយឆ្មារ បារាយណ៍មេបុណ្យ និង អាងជើងគ្រុស គឺជាតំបន់ដែលមានសក្តានុពលជាងគេក្នុងខេត្តបន្ទាយមានជ័យ។
ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ តំបន់ទាំង ៣ បានអភិវឌ្ឍច្រើន ជាពិសេស ប្រាសាទបន្ទាយឆ្មារ ដែលនៅតែរក្សារចនាបថបានយ៉ាងល្អ ព្រមជាមួយនឹងទេសភាពព្រៃភ្នំយ៉ាងស្រស់ស្រាយនៅអាងជើងគ្រុសគួបផ្សំផងនោះ បានធ្វើឱ្យភ្ញៀវទេសចរចាប់អារម្មណ៍ជាខ្លាំង។
រីឯ បារាយណ៍មេបុណ្យ ដែលមានស្ពានសម្រាប់ធ្វើដំណើរឆ្ពោះទៅរកទេសភាពផ្ការីកស្គុះស្គាយអមសងខាងផ្លូវ ក៏បានក្លាយជាចំណុចមួយដែលភ្ញៀវទេសចរ អាចផ្តិតយករូបភាពបានយ៉ាងស្រស់ស្អាត។ ដូចនេះ ប្រសិនជាបានទៅកម្សាន្តនៅខេត្តបន្ទាយមានជ័យ តំបន់ទាំង ៣ នេះគឺពិសេសខ្លាំងដែលលោកអ្នកមិនគួររំលង៕
ប្រភព៖ ក្រសួងទេសចរណ៍
អត្ថបទ៖ គង់ ចាន់ស្រីនុច