ព្រះសីហនុ៖ វិនិយោគិនចិនជាច្រើន បានវិលត្រលប់មកកាន់ខេត្តព្រះសីហនុវិញ ក្រោយស្ថានភាពកូវីដ១៩ មានភាពធូរស្បើយ នេះបើយោងតាមការឱ្យដឹងពីរដ្ឋបាលខេត្តព្រះសីហនុ។
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា ចាប់ពីថ្ងៃទី ២៣ ឧសភា ដល់ថ្ងៃទី ១៣ មិថុនា មានជនជាតិចិនចំនួន ១០៦៦ នាក់ ក្នុងនោះមានស្រី ២២៩នាក់ បានវិលត្រឡប់មកខេត្តព្រះសីហនុវិញ តាមជើងហោះហើរត្រង់ពីប្រទេសចិន។ ជនជាតិចិនដែលវិលត្រឡប់មកវិញនេះ ពួកគាត់ភាគច្រើនជាអ្នកធ្វើជំនួញ និងជាអ្នកធ្វើការងារផ្សេងៗ។
បើតាមលោក ឃាង ភារម្យ ក្នុង ១សប្ដាហ៍ មានជនជាតិចិន ធ្វើដំណើរតាមជើងហោះហើរត្រង់ពីប្រទេសចិន មកកាន់ខេត្ដព្រះសីហនុមានចន្លោះពី ៣-៤ ជើងហោះហើរ។ លោក បញ្ជាក់ផងដែរថា អាជ្ញាធរ ក៏បានធ្វើការត្រួតពិនិត្យសុខភាពជនជាតិចិនទាំងនោះ យ៉ាងយកចិត្ដទុកដាក់ និងអនុវត្តតាមវិធានសុខាភិបាល។
សូមបញ្ជាក់ថា បើតាមលោក គួច ចំរើន អភិបាលខេត្ដព្រះសីហនុ ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៩ ខែមិថុនា បានឱ្យដឹងថា បច្ចុប្បន្ន មានជនជាតិចិនប្រហែល ១៥ ០០០ នាក់ កំពុងស្នាក់នៅក្នុងខេត្ដព្រះសីហនុ។ លោក អភិបាលខេត្ត បានឱ្យដឹងទៀតថា កាលពីមុនមានការរីករាលដាលជំងឺកូវីដ១៩ ខេត្តព្រះសីហនុ មានជនជាតិចិនស្នាក់នៅ និងទេសចរជាង ២ លាននាក់៕