អាជីវករ​ផ្សារធំថ្មី អះអាង​ថា ចង់បាន​លុយរៀល​ ជាង​លុយដុល្លារ ពី​​អតិថិជន ដើម្បី​លើកស្ទួយ​លុយរៀល

73

ភ្នំពេញ៖ ដើម្បីចូលរួមលើកស្ទួយការចាយលុយរៀលនៅក្នុងប្រទេសកម្ពុជា និងកាត់បន្ថយលុយបរទេស អាជីវករភាគច្រើននៅផ្សារធំថ្មី ស្នើឱ្យអតិថិជនមិនជាជាជនជាតិខ្មែរ ឬភ្ញៀវទេសចរ ពេលទិញទំនិញ ឬផលិតផល ឬម្ហូបអាហារ សូមប្រើប្រាស់ជាលុយរៀល។

អាជីវករមួយរូប បានលើកឡើងថា៖ “អត់កំណត់ទេ។ ពេលគាត់មកទិញលុយអី យកលុយហ្នឹងតែម្តង តែចង់បានលុយខ្មែរព្រោះស្រួលអាប់ មិនពិបាកអាប់”។

អ្វីដែលអាជីវករូបនេះសង្កេតឃើញ គឺថាអតិថិជនជាខ្មែរ មានទំនោរចាយលុយរៀលច្រើន ធៀបនឹងពេលពីមុន។ លោកស្រី បានលើកឡើងបន្តថា “ភាគច្រើនលុយខ្មែរ។ លើកលែងតែបរទេសគាត់មក គាត់មានលុយដុល្លារ បើខ្មែរយើងភាគច្រើនចាយលុយខ្មែរ”។

ចំណែកអាជីវករមួយរូបទៀត ដែលលក់ត្រីងៀត បានឱ្យដឹងថា “ដុល្លារ ក៏យក រៀលក៏យក តែលុយរៀលយើងស្រួលចាយជាង ព្រោះអត់មានកន្ទុយរញេរញៃ ឱ្យប៉ុន្មាន គឺប៉ុណ្ណឹង។ ដុល្លារមានកន្ទុយទ្បើងចុះៗ យើងគុណទៅ អ្នកខ្លះពិបាកតាមហាងឆេង”។

អាជីវករូបនេះ យល់ថា លុយខ្មែរស្រួលចាយជាង និងបានសំណូមពរឱ្យចាយលុយខ្មែរ ព្រោះជារបស់ខ្មែរ លើកតម្កើងលុយរៀលរបស់ជាតិ។

ទាក់ទិននឹងបញ្ហានេះដែរ លោកស្រី ប៉ុន ដានី អភិបាលស្វ័យតផ្សារធំថ្មី បានឱ្យដឹងដែរថា នៅពេលបច្ចុប្បន្ន អ្នកដែលចូលមកទិញទំនិញនៅផ្សារធំថ្មី គឺ ៩០ភាគរយ ពួកគាត់ចាយប្រាក់រៀល ចំណែក ១០ភាគរយទៀត ជាភ្ញៀវបរទេស គាត់ចាយប្រាក់ដុល្លារ និងចាយតាមកាតធនាគាឯកទេសវីង និងធនាគារផ្សេងទៀត៕

អត្ថបទ៖ ឃឹម វិសាល