ពី ផ្កាឈូក ថ្វាយ​ព្រះ ក្លាយ​ទៅជា​ផ្ទាំង​សិល្បៈ​គំនូរ មានតម្លៃ​ខ្ទង់ពាន់​ដុល្លារ​

115

បន្ទាប់ពី​ថ្ងៃឧបោសថសីល បុរស​ស្ថិតនៅក្នុង​វ័យ​កណ្ដាល​ម្នាក់ រស់នៅក្នុង​ខេត្តបាត់ដំបង តែងតែ​ធ្វើដំណើរ​ទៅកាន់​ទី​វត្ត​អារាម ហើយ​ត្រលប់​មកវិញ​ជាមួយ ផ្កាឈូក ដែល​ពុទ្ធបរិស័ទ បាន​យកមក​បូជា​ថ្វាយ​ដល់​ព្រះសម្មាសម្ពុទ្ធ​។​

ពេល​ត្រលប់មក​ដល់ផ្ទះ​ដែលជា​កន្លែងធ្វើការ​វិញ បុរស​នេះ កាច់​យកតែ​ផ្នែក​ផ្កា ទៅ​ដាក់​ហាល​ឲ្យ​ក្រៀម និង​ប្រមូល​នូវ​ផ្កាឈូក ដែល​ហាល​ក្រៀម​យកទៅ​ដុត ឲ្យ​ឆេះ​ក្លាយទៅជា​កំទេចផេះ​។ បន្ទាប់មក ផេះ ដែល​បានមកពី​កា​ដុត​ផ្កាឈូក ត្រូវបាន​យកទៅ​លាយ​ត្រាំ​ជាមួយ ទឹកភ្លៀង ដែល​បាន​ត្រង​ទុក​កាលពី​រដូវវស្សា​កន្លង​មក ដើម្បី​ផលិតជា​ទឹក​ថ្នាំ​។​

ផ្កាឈូក ដែលត្រូវបានដុត

​នៅលើ​តុ ក្នុង​បន្ទាប់​ដែល​តុបតែង តាមបែប​អ្នក​ស្រឡាញ់​សិល្បៈ គេ​ឃើញ​មាន ដប​ទឹក​ថ្នាំ​ព​ណ៏​ខ្មៅ ចាន​ទឹក​ថ្នាំ ក្រដាស​ស និង​ដើម​ឈូក​ជាច្រើន​។ បុរស​នោះ បានចាប់ផ្ដើម កាត់​ដើម​ឈូក ជា​កង់​ខ្លីៗ រួច​យក​ជ្រលក់​ទៅក្នុង​ចាន​ទឹក​ថ្នាំ បន្ទាប់មក​យក​ដើម​ឈូក ដែលមាន​ជាប់​ពណ៍​នៅ​ខាងចុង​នេះ ស​ង្គ​ត់​ទៅលើ​ក្រដាស​ស ឲ្យ​លេចចេញ​ជា​ចំណុច​ស្នាម​តូចៗ យ៉ាង​ផ្ចិតផ្ចង់​មួយៗ ព​ណ៏​ស្រាល ឬ​ធ្ងន់ ជាប់ៗ​គ្នា​ជា​បន្តបន្ទាប់ រហូត​ផ្ដុំ​ទៅ​ផ្ទាំងគំនូរ ស​ខ្មៅ បែប​អរូបី ដែល​គ្មាន​នរណាម្នាក់​នឹកស្មាន​ដល់​។

តាមពិតទៅ បុរស​ម្នាក់នេះ គឺ​វិចិត្រករ​ជនជាតិ​អូស្ត្រាលី​មួយរូប ដែលមាន​ឈ្មោះ​ពេញ​ថា Morrison POLKINGHORNE និង​បានមក​រស់នៅ និង​ប្រកប​អាជីវក​ម្ម​នៅក្នុង​ខេត្តបាត់ដំបង អស់​ជាច្រើន​ឆ្នាំ​មកហើយ​។​

“​ខ្ញុំ​ចាត់ទុក​ប្រទេស​កម្ពុជា ជា​ផ្ទះ​ទី​២​របស់ខ្ញុំ​” លោក Morrison និយាយ​ទាំង​ញញឹម រួមជាមួយ​ក្ដីរំភើប​រីករាយ នៅក្នុង​ពិធី​បើក​ការតាំងពិព័រណ៍​ថ្មី​មួយទៀត​របស់ខ្លួន ក្រោម​ចំណងជើង​ថា “Khmer Impressions” នៅក្នុង​វិចិត្រសាល​របស់ សណ្ឋាគារ​សូ​ហ្វី​តែ​ល ភ្នំពេញ​ភូ​គី​ត្រា កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២០ កន្លងទៅនេះ​។​

លោក Morrison POLKINGHORNE

ដោយ​ការស្រឡាញ់​ផ្នែក​សិល្បៈ​តាំងតែ​ពី​ក្មេង​វ័យ លោក Morrison មានគំនិត​ចង់​បង្កើត​នូវ​អ្វីមួយ​ដែល​ខុសប្លែក​ពី​គេ​។ ដោយ​ទឹកចិត្ត​ស្រឡាញ់​ចំពោះ​ភាពស្រស់ស្អាត​របស់ ផ្កាឈូក រួមជាមួយ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​នៃ ផ្កាឈូក ដែល​តំណាង​ឲ្យ​ភាព​បរិសុទ្ធ និង​ត្រូវបាន​គេ​ប្រើប្រាស់​ជា​ធ្វើ​គ្រឿ​សក្ការៈបូជា​ចំពោះ​ព្រៈ​ពុទ្ធរូប ផងដែរ​នោះ ទើប​ជំរុញ​ទឹកចិត្ត​លោក​ឲ្យ​ធ្វើការ​ស្រាវជ្រាវ និង​ដក​បទពិសោធន៍​ជុំវិញ ផ្កាឈូក​។​

“​ខ្ញុំ​ប្រើ ដើម​ឈូក ធ្វើជា​ជួ​ក និង​ផ្នែក​ផ្សេងទៀត​យកទៅ​ផលិត​ជា​ទឹក​ថ្នាំ​ធម្មជាតិ ដែល​ដូច​ទៅនឹង​សិល្បៈ​បុរាណ​របស់​ជនជាតិ​ចិន​ដែរ​។ សិល្បៈ​គំនូរ ស​ខ្មៅ ឬ Monochrome គឺជា​ប្រភេទ​សិល្បៈ​ដ៏​កំរ​មួយ ដែលមាន​ដើមកំណើត​យូរលុង​ណាស់​មកហើយ នៅ​ប្រទេស​ចិន និង ជប៉ុន​។​” លោក Morrison ពន្យល់​ពី​បុ​ព្ធ​ហេតុ ដែល​នាំ​ឲ្យ​លោក​មានគំនិត​បង្កើត​ថ្មី​នេះ​ឡើង និង​បាន​បន្តទៀតថា​៖​ “​ដើមឡើយ ខ្ញុំ​ចង់​បង្កើត​សិល្បៈ​មួយ​ផ្ទាំង រាង​ជា​ការ៉េ ឬ​ចតុកោណកែង ដោយ​គំនូស​ជា​រង្វង់ ឬ​មូល​។ ខ្ញុំ​យក​ទឹក​ថ្នាំ​មក ហើយ​ខ្ញុំ​ក៏​ឃើញ​ផ្កាឈូក ខ្ញុំ​កាច់​ដើម​ឈូក​នោះ ជ្រក់​ទឹក​ថ្នាំ ចុច​ទៅលើ​ក្រដាស បង្កើតបានជា​រង្វង់​ដែលមាន​រន្ធ ៧​។ វា​ពិតជា​គួរអោយ​ចាប់អារម្មណ៍​មែន ខ្ញុំ​ក៏​បន្ត​បង្កើត​ចំណុចៗ​ជាប់ៗ​គ្នា ពេញ​ផ្ទាំង​រាង​ការ៉េ​នោះ ជា​លើកដំបូង​។​”

ចានទឹកថ្នាំ

មុនពេល​លោក មកកាន់​ប្រទេស​កម្ពុជា លោកក៏​ធ្លាប់បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ផ្សេងៗ​ទៀត​ដែរ និង​បាន​រៀន​ពី​របៀប​ផលិត​ពណ៌​ពី​ធម្មជាតិ នៅក្នុង​ប្រទេស​វៀតណាម​ពី​ស្លឹក​ឬ​ស្សី ហេតុដូច្នេះ​ហើយ​ទើប​លោក ប្រើប្រាស់ ផ្កាឈូក ជំនួស​វិញ​ស្លឹក​ឬ​ស្សី ក្នុងការ​ផលិត​ពណ៌​សម្រាប់​គំនូរ​របស់លោក​។​

ផ្ទាំងគំនូរ​របស់ លោក Morrison ភាគច្រើន​ឆ្លុះបញ្ចាំង​ពី​ផ្លូវទឹក នៃ​ទន្លេ បឹងបួរ និង​ភ្នំ​របស់​ប្រទេស​កម្ពុជា ដោយ​លោក​បាន​ប្រាប់​ឲ្យ​ដឹង​ពី​មូល​ហេតុថា​៖ “​ពេល​ខ្ញុំ​ជិះ​យន្តហោះ​មក​ប្រទេស​កម្ពុជា ខ្ញុំ​តែងតែ​មើល​តាម​បង្អួច​យន្តហោះ​នូវ​ទិដ្ឋភាព​នៃ​ដង​ទន្លេ បឹងបួរ ខ្វាត់ខ្វែង​ប្រសព្វ​គ្នា និង​ជួរ​ភ្នំ​នៅក្នុង​ប្រទេស​កម្ពុជា ភាពស្រស់​ត្រកាល​នៃ​ទិដ្ឋភាព​ទាំងនោះ បាន​ដិត​ជាប់​នៅក្នុង​អារម្មណ៍​របស់ខ្ញុំ ហេតុនេះហើយ​ទើប​ផ្ទាំងគំនូរ​សិល្បៈ​របស់ខ្ញុំ គឺ​ឆ្លុះបញ្ចាំង​អំពី​ទិដ្ឋភាព​ទាំងនោះ​។​”

ផ្ទាំងគំនូរ ឆ្លុះបញ្ចាំងពីទន្លេ

ស្នាដៃ​សិល្បៈ​របស់លោក Morrison POLKINGHORNE ត្រូវបាន​ដាក់តាំង​ប​ង្ហ​ញ​ជាច្រើន​កន្លែង​ទាំង​ក្នុងប្រទេស​កម្ពុជា និង​នៅក្រៅ​ប្រទេស ព្រមទាំង​ទទួលបាន​ការ​គោត​សរសើរ​ចំពោះ​គំនិត​បង្កើត​ថ្មី​មួយ​នេះ​។ ផ្ទាំងគំនូរ​របស់លោក Morrison មានតម្លៃ​រហូតដល់​ខ្ទង់ពាន់​ដុល្លារ ទៅតាម​ទំហំ​តូច​ឬ​ធំ ហើយ​គ្រប់​ផ្ទាំងគំនូរ​ទាំងអស់ សុទ្ធ​តែមាន​ចុះហត្ថលេខា ​ដោយផ្ទាល់​របស់លោក អម​ជាមួយនឹង​ចំនួន​ចំណុច​នៃ​ដើម​ឈូក នៅលើ​ផ្ទាំងគំនូរ​ទាំងនោះ​ផងដែរ​។​

​ស្នាដៃ​សិល្បៈ​របស់លោក Morrison POLKINGHORNE ត្រូវបាន​យកមក​ដាក់តាំង​បង្ហាញរយៈពេល ៣ ខែ ចាប់ផ្តើម​ពី​ពេលនេះ រហូតដល់​ខែមេសា ឆ្នាំ​២០២០ នៅក្នុង​វិចិត្រសាល នៃ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា​។​

“​ទឹក​ថ្នាំ​នៅលើ​ផ្ទាំងគំនូរ​នេះ អាច​រក្សាបាន​ក្នុង​រយៈពេល​ជាង ៣០​ឆ្នាំ​។ ផ្កាឈូក បានមកពី​ការថ្វាយ​ដល់​ព្រះ​ពុទ្ធរូប និង​ទឹកភ្លៀង​ធម្មជាតិ​ក្នុង​ខេត្តបាត់ដំបង គឺ​លក្ខណៈពិសេស​មួយ​គ្មាន​ពីរ សម្រាប់​ផ្ទាំងគំនូរ​របស់ខ្ញុំ​។​” លោក Morrison អះអាង​ប្រាប់ ជាមួយ​ទឹកមុខ​មុតមាំ និង​ប្រកបដោយ​ភាព​សុទិដ្ឋិនិយម​បំផុត​៕

រូបភាពជាកម្មសិទ្ធិរបស់ លោក  Morrison Polkinghorne.