​ខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​គម្រោង​វិនិយោគ​ មជ្ឈមណ្ឌល​សួនកម្សាន្ត​ធំជាងគេ​នៅអាស៊ី តម្លៃ ៥០០លានដុល្លារ

866

កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ កំពុងពន្លឿនការវាយតម្លៃ និងពិនិត្យឯកភាព លើគម្រោង វិនិយោគសាងសង់ មជ្ឈមណ្ឌលសួនកម្សាន្តលំដាប់ពិភពលោក និងធំជាងគេនៅក្នុងតំបន់អាស៊ី ដែលមានតម្លៃទុនប្រមាណ ៥០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ ដែលរំពឹងថា នឹងបញ្ចប់រួចរាល់ក្នុងខែមិថុនានេះ ដើម្បីបញ្ជូនបន្តទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្វើការអនុម័តជាផ្លូវការ។

គម្រោងវិនិយោគនេះ នឹងអភិវឌ្ឍន៍នៅលើផ្ទៃដីទំហំ ២០៥ហិកតា នៅស្រុកភ្នំស្រួច និងស្រុកសំរោងទង ដែលជាការវិនិយោគរួមទុនចម្រុះជាតិសាសន៍មកពី ៣ប្រទេស មានចិន ស្វីស និងសិង្ហបុរី ក្រោមឈ្មោះក្រុមហ៊ុន ចូហ្គ្រេន អ៊ិនវេសម៉ិន ឯ.ក (JOE GRAND ECOINVESTMENT Co.LTD)។

គម្រោងវិនិយោគតំបន់ទេសចរណ៍សួនទឹកដ៏ធំពុំធ្លាប់មាននៅកម្ពុជានេះ នឹងមានដូចជាមជ្ឈមណ្ឌលកម្សាន្តសួនទឹក សួនកសិកម្មទេសចរណ៍ សួនកុមារ សួនសត្វ ផ្ទះលំហែ រមណីយដ្ឋាន និងសណ្ឋាគារ ជាដើម។

លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា ក្នុងដំណាក់កាលដំបូង ក្រុមហ៊ុន នឹងចំណាយទឹកប្រាក់ចំនួន ២០០លានដុល្លារ ដើម្បីអភិវឌ្ឍន៍នៅលើផ្ទៃដីទំហំជាង ១០០ហិកតា ដែលគម្រោងនឹងបញ្ចប់នៅដំណាលគ្នាជាមួយគម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅចុងឆ្នាំ ២០២២ខាងមុខនេះ។

លោកបញ្ជាក់ថា៖ «បច្ចុប្បន្នគម្រោងនេះ នៅមិនទាន់អាចធ្វើបាននៅឡើយ ដោយសារបញ្ហាជំងឺកូវីដ១៩ និងបញ្ហានីតិវិធីខ្លះទៀត ដែលតម្រូវឱ្យក្រុមហ៊ុនត្រូវមានគម្រោងវិនិយោគច្បាស់លាស់បន្ថែមទៀត ដើម្បីងាយស្រួលស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាល»។

លោកបន្តថា៖ «មកទល់ពេលនេះ គម្រោងវិនិយោគដ៏ធំនេះ យើងបានពិនិត្យ និងវាយតម្លៃបានពី ៩០ទៅ ៩៥ភាគរយហើយ។ យើងនឹងពន្លឿនលើកិច្ចការនេះឱ្យយរួចរាល់នៅក្នុងខែនេះ»។

លោកអភិបាលខេត្តកំពង់ស្ពឺ មានសុទិដ្ឋនិយមថា ខេត្តកំពង់ស្ពឺនាពេលអនាគត នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញទំាងទេសចរជាតិ និងអន្តរជាតិមកពីជុំវិញពភពលោក នៅពេលគម្រោងអភិវឌ្ឍន៍សួនកម្សាន្តដ៏ធំនេះលេចរូបរាងជាផ្លូវការ។ ជាមួយគ្នានេះ អាជ្ញាធរខេត្ត ក៏កំពុងជំរុញការអភិវឌ្ឍតំបន់ទេសចរណ៍សំខាន់ៗផ្សេងទៀតផងដែរ។

បច្ចុប្បន្នខេត្តកំពង់ស្ពឺ មានតំបន់ទេសចរណ៍ទាក់ទាញប្រវត្តសាស្ត្រ ធម្មជាតិ អេកូទេសចរណ៍ និងកែច្នៃ ដូចជា វត្តវាំងចាស់ ឬទីក្រុងឧដុង្គ, ឧទ្យានជាតិគិរីរម្យ, វីគិរីរម្យផាញរីសត (A2A ថោន), ទឹកធ្លាក់ចំបក់, ទឹកធ្លាក់ ៧ជាន់ ឬទឹកធ្លាក់ជ្រាវ, ទេទឹកពុះ និងអំពែភ្នំ ជាដើម៕

អត្ថបទ៖ សៀម ប៊ុនធី