សម្តេចប៉ាប ហ្វ្រង់ស៊ីស កំពុងយាងបំពេញទស្សនកិច្ចនៅ ប្រទេសថៃ

648

សម្តេចប៉ាប ហ្រ្វង់ស៊ីស កាលពីថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានយាងមកដល់ប្រទេសថៃ ដើម្បីចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចរយៈពេល ០៧ថ្ងៃនៅតំបន់អាស៊ី។

យន្តហោះរបស់​ សម្តេចប៉ាប ហ្រ្វង់ស៊ីស បានចុះចតនៅឯអាកាសយានដ្ឋាន ដនមឿង (Don Muang) នៃទីក្រុងបាងកក កាលពីរសៀលថ្ងៃពុធនេះ ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្តៅ។ គ្រិស្តសាសនិកនិកាយរ៉ូម៉ាំងកាតូលិក គឺជាសហគមន៍តូចមួយប៉ុណ្ណោះនៅក្នុងប្រទេសថៃ ដែលមានប្រជាជនភាគច្រើនកាន់ព្រះពុទ្ធសាសនា។ បើនិយាយពីប្រវត្តិសាស្រ្តនៃសាសនានេះនៅថៃ គឺបានចូលមកដល់ជាលើកដំបូងតាំងតែពី ពាក់កណ្តាលទសវត្សរ៍ឆ្នាំ​១៥០០ តាមរយៈអ្នកជំនួញ និងអ្នកផ្សព្វផ្សាយសាសនាជាតិជាតិព័រទុយហ្គាល់។

គួរជម្រាបថា កំឡុងទស្សនកិច្ចនៅថៃ សម្តេចប៉ាប ហ្រ្វង់ស៊ីស នឹងយាងចូលគាល់ព្រះមហាក្សត្រថៃ ព្រះបាទ មហា វិជ្ជិរ៉ាឡុងកន ព្រមទាំង សម្តេចព្រះសង្ឃរាជថៃ មុនការរៀបចំពិធីសាសនាជាមួយ គ្រិស្តបរិស័ទ នៅឯកីឡដ្ឋានជាតិរបស់ ប្រទេសថៃ។ បន្ទាប់ពីនោះ សម្តេចប៉ាប ក៏នឹងយាងបើកពិធីមួយទៀត នៅព្រះវិហារគ្រឹស្ត Assumption Cathedral ក្នុងទីក្រុងបាងកក មុនចាកចេញទៅកាន់ ប្រទេសជប៉ុន នៅថ្ងៃសៅរ៍បន្តទៀតផងដែរ។

កំឡុងទស្សនកិច្ចនៅ ជប៉ុន សម្តេចប៉ាប ហ្រ្វង់ស៊ីស នឹងយាងទៅកាន់ ទីក្រុងហ៊ីរ៉ូស៊ីម៉ា និង ទីក្រុងណាហ្គាសាគី ដែលត្រូវអាមេរិកទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ កាលពីសម័យសង្រ្គាមលោកលើកទី ២។ ជាចុងក្រោយបញ្ចប់សម្តេច នឹងយាងទៅកាន់បុរីវ៉ាទីកង់ វិញ នៅថ្ងៃអង្គារសប្តាហ៍ក្រោយ៕