ការនាំចេញ ​អង្ករ​កម្ពុជា ទៅ​ក្រៅប្រទេស មាន​ការកើនទ្បើង​ជាង ៤២% ​ក្នុង​រយៈពេល ៥ខែឆ្នាំនេះ ធៀបនឹងឆ្នាំមុន

61

ភ្នំពេញ៖​ លោក ងិន ឆាយ ប្រតិភូរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា ការនាំចេញអង្ករកម្ពុជា ទៅក្រៅប្រទេសក្នុងរយៈពេល៥ខែនេះ បានប្រមាណ ៣៥៦ពាន់តោន ពោលគឺមានការកើនទ្បើងប្រមាណ ៤២ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។

លោក ងិន ឆាយ បានប្រសាសន៍ថា ”៥ខែដើមឆ្នាំនេះ ការនាំចេញអង្ករមានការកើនទ្បើងរហូតដល់៤២,៣៤ភាគរយ។ នេះជាសញ្ញាមួយល្អ។ នេះប្រហែលមកពីជំងឺកូវីដ ឬដោយសារបញ្ហាផ្សេងៗ។ យើងង្កេតឃើញបណ្តាប្រទេសមួយចំនួន គេបានកម្ម៉ង់អង្ករ ពិសេសអង្ករក្រអូបកម្ពុជាទៅសហគមន៍អឺរ៉ុប ក៏មានការកើនទ្បើង”។

ទោះបីជាក្នុងរយៈពេលប៉ុន្មានខែក្នុងឆ្នាំ២០២០នេះ មានវីរុសកូវីដ-១៩កើតមានទ្បើងនៅកម្ពុជាក៏ដោយ ក៏វិស័យកសិកម្មនៅតែមានការរីកចម្រើន និងអាចនាំចេញនូវផលិតផលរបស់ខ្លួន។

លោក ងិន ឆាយ បានលើកឡើងបន្ថែមថា “នៅក្នុងស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដនេះគឺមានតែវិស័យកសិកម្មទទេ នៅតែវិស័យមួយសំខាន់ដែលជួយទ្រទ្រង់ដល់ជីវភាពរស់នៅរបស់ប្រជាកសិករ ពិសេសសុវត្ថិភាព និងសន្តិសុខស្បៀងដល់ប្រជាកសិករ ការងារនៅជនបទ ហើយយើងសង្កេតឃើញវិស័យដទៃទៀតមានបញ្ហាធ្ងន់ធ្ងរ ពិសេសមានដូចជាវិស័យទេសចរណ៍ជាដើម”។

បើតាមលោក ងិន ឆាយ វិស័យកសិកម្ម ជាវិស័យស្នូលមួយក្នុងការដោះស្រាយជីវភាពប្រជាជននិងចូលរួមចំណែកក្នុងការអភិវឌ្ឍ ក៏ដូចជាទប់ស្កាត់ការធ្លាក់ចុះសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ដំណាំស្រូវនៅកម្ពុជា មានផ្ទៃដីជិត ៥លានហិចតា បើគិតដល់ឆ្នាំ២០១៩។

មិនត្រឹមតែអង្ករប៉ុណ្ណោះទេ កម្ពុជា ក៏កំពុងតែនាំ និងពិភាក្សាអំពីនីតិវិធី និងលក្ខខណ្ឌតម្រូវជាមួយបច្ចេកទេសដើម្បីនាំស្វាយ ចេក ម្រេច មៀនប៉ៃលិន ក្រូចថ្លុង ទុរេន និងទឹកមាត់ត្រ​ចៀកកាំ ទៅកាន់ទៅផ្សារចិន និងទីផ្សារដទៃទៀតផងដែរ៕

អត្ថបទ៖ ហៃពិសី