ហេតុអ្វី​បានជា សាច់ជ្រូក បាន​ឡើងថ្លៃ​? តើ​តម្លៃ​នេះ នឹង​អាច​ធ្លាក់ចុះ​វិញ​ទេ​?

2619

ភ្នំពេញ​៖ ក្នុង​រយៈពេល ២​ខែ​ចុង​ក្រោយនេះ តម្លៃ​សាច់ជ្រូក នៅលើកទីផ្សារ បាន​កើនឡើង​ពី ១៦,០០០ រៀល ក្នុង​មួយ​គីឡូក្រាម មក ២០,០០០ រៀល ក្នុង​មួយ​គីឡូក្រាម ដោយសារតែ​ខ្វះខាត​សត្វ​ជ្រូក យកមក​សម្លាប់​យកសា​ច់ ដើម្បី​ផ្គត់ផ្គង់​នៅក្នុង​ទីផ្សារ​។​

​ហេតុអ្វី​បានជា​ខ្វះខាត សាច់ជ្រូក ផ្គត់ផ្គង់​នៅក្នុង​ទីផ្សារ​?

​បន្ទាប់ពី​មានការ​ផ្ទុះឡើង នូវ​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក (ASF) នៅក្នុង​ប្រទេស​វៀតណាម អាជ្ញាធរ​ប្រទេស​កម្ពុជា បានធ្វើការ​ហាមប្រាម មិន​ឲ្យ​មានការ​នាំចូល​សត្វ​ជ្រូក​ពី​ប្រទេស​វៀតណាម ព្រោះ​អាច​នាំមក​ជាមួយ​នូវ​ជំងឺ​ប៉េ​ស​នេះ ដល់​កម្ពុជា​។​

ការហាម​ប្រាម​នេះ ក៏បាន​បង្កើន​ការ​រឹតបន្ដឹង នូវ​ការ​នាំចូល​ហួសប្រមាណ​ នៃ​សត្វ​ជ្រូក​ផង និង​ការ​នាំចូល​ខុសច្បាប់​នានា​ តាម​ច្រកព្រំដែន​ផងដែរ​។​

ការនាំចូលជ្រូក ខុសច្បាប់ តាមរយៈម៉ូតូ និងឡាន នៅតាមព្រំដែន

ជា​រៀងរាល់ថ្ងៃ​ដើម្បី​ផ្គត់ផ្គង់ តម្រូវការ​ទីផ្សារ ប្រទេស​កម្ពុជា​បាន​នាំចូល​សត្វ​ជ្រូក​ប្រមាណ​ជា ១០០០​ក្បាល ពី​ប្រទេស​វៀតណាម​។ បន្ទាប់ពី​មានការ​ហាមឃាត់ មិន​ឲ្យ​នាំចូល​សត្វ​ជ្រូក​ពី​ប្រទេស​វៀតណាម កម្ពុជា បាន​នាំចូល​សត្វ​ជ្រូក​ពី​ប្រទេស​ថៃ ដែល​មិនបាន​ឆ្លង​ជំងឺ​ប៉េ​ស វិញ​ម្ដង ​ដើម្បី​បំពេញតម្រូវការ​ប្រចាំថ្ងៃ​។​

ជាធម្មតា នៅពេលដែល តម្រូវការ​កើនឡើង ហើយ​ការផ្គត់ផ្គង់​ធ្លាក់ចុះ​នោះ តម្លៃ​នៃ​ផលិតផល​នោះ នឹង​កើនឡើង​នូវ​តម្លៃ​របស់​វា​ដោយ​ខ្លួនឯង​។​

សាច់ជ្រូក

​ជាក់ស្ដែង កាលណា​មាន​ពុំមាន​ការនាំ​ចូលមក​ច្រើន ទី​សត្វឃាត ក៏​ពុំ​អាច​ទិញ​សត្វ​ជ្រូក​បាន​ច្រើន និង​ឲ្យ​តម្លៃថោក​ដូច​មុន​ទៀត​ដែរ​។ ដូចនេះ ការផ្គត់ផ្គង់​សាច់​ត្រូវបាន​ធ្លាក់ចុះ អមដោយ​តម្លៃ​ក៏​កើនឡើង​ទៅតាម​នោះដែរ​។

​យោងតាម​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា បាន​ឲ្យ​ដឹងថា ប្រទេស​កម្ពុជា ត្រូវការ​សត្វ​ជ្រូក​ពី ៥.០០០ ទៅ ៦.០០០ ក្បាល​ក្នុង​មួយថ្ងៃ​។ ក្នុងនោះ​ប្រមាណ​ជា ៣០ ភាគរយ ត្រូវ​នាំចូល​មកពី​ប្រទេស​ថៃ និង​វៀតណាម​៕​