ជួប សម្លាប់ ត្រូវ​ជាប់គុក​អស់​១​ជីវិត ដដែល​ក្នុងករណី​បាញ់សម្លាប់ លោក​បណ្ឌិត កែម ឡី​

1443

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែឧសភា​នេះ ចៅក្រម​នៃ​តុលាការ​កំពូល បានប្រកាស​សាលដីកា​ផ្តន្ទាទោស​ជនជាប់ចោទ ឈ្មោះ​អឿ​ត អាង ហៅ​ជួប សម្លាប់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​ដោយ​សម្រេច​តម្កល់​ការសម្រេច​របស់​សាលាឧទ្ធរណ៍ ដោយ​សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​អស់​មួយជីវិត ជាប់​ពីបទ​ឃាតកម្ម​គិតទុក​ជាមុន និង​ប្រើប្រាស់​អាវុធ​គ្មាន​ការអនុញ្ញាត លើ​ករណី​ឃាតកម្ម​លើ​ជនរងគ្រោះ លោក​បណ្ឌិត កែម ឡី ជា​អ្នកវិភាគ​នយោបាយ និង​សង្គម ។​

អឿ​ត អាង ហៅ ជួប សម្លាប់

​គួរ​រំ​ម្លឹ​កថា កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៧ សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាប់ចោទ អឿ​ត អាង ហៅ ជួប សម្លាប់ ឱ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត ពាក់ព័ន្ធ​ឃាតកម្ម​លើ លោក​បណ្ឌិត កែម ឡី នៅក្នុង​ស្តា​ម៉ា​ត​បូកគោ កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦​។ លោក អឿ​ត អាង ហៅ ជួប សម្លាប់ ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ ចោទប្រកាន់​ចំនួន​២​បទល្មើស​រួមមាន​៖ បទ​ឃាតកម្ម​គិតទុក​ជាមុន និង​បទ​រក្សាទុក​អាវុធ​ខុសច្បាប់​។​

​ក្រោយមកទៀត អឿ​ត អាង ហៅ ជួប សម្លាប់ បាន​ឲ្យ​មេធាវី​របស់ខ្លួន ធ្វើការ​ប្តឹងទៅ​កាន់​សាលាឧទ្ធរណ៍ ដើម្បី​ប្រឆាំងនឹង​សេចក្តីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

លោក​បណ្ឌិត កែម ឡី

​សូមបញ្ជាក់ថា ក្នុង​សវនាការ​ជា​បន្តបន្ទាប់​នាពេល​កន្លងទៅ ជនជាប់ចោទ អឿ​ត អាង ហៅ ជួប សម្លាប់ បាន​សារភាពថា ខ្លួន​ពិតជា​អ្នកបាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ពិតប្រាកដ​មែន ហើយ​សកម្មភាព​នេះ​គឺ​ខ្លួន​ធ្វើ​តែម្នាក់ឯង ពុំមាន​អ្នក​នៅ​ពីក្រោយ​ខ្នង​នោះទេ បើទោះបីជា​ក្រុមគ្រួសារ​នៃ​សព​មិន​ជឿ​ក៏ដោយ​។ ជនជាប់ចោទ អឿ​ត អាង ហៅ ជួប សម្លាប់ បាន​អះអាង​ទៀតថា មូលហេតុ​ដែល​ខ្លួន​សម្លាប់​លោក​បណ្ឌិត កែម ឡី ព្រោះ​ខឹង​នឹង​ជនរងគ្រោះ​ដែល​ជំពាក់​ប្រាក់​ចំនួន​៣០០០​ដុល្លារ មិន​ព្រម​សង ទើប​ខ្លួន​ធ្វើ​សកម្មភាព​បែបនេះ​តែម្តងទៅ​៕ ​