ម៉ាឡេស៊ី ចាប់ខ្លួនមនុស្ស ៤នាក់ទៀត ពាក់ព័ន្ធការ​ បង្ហោះព័ត៌មានមិនពិត លើ Facebook អំពី វីរុសកូរ៉ូណា

1236

មនុស្សចំនួន ០៤នាក់ទៀតត្រូវបានចាប់ខ្លួននៅប្រទេសម៉ាឡេស៊ី ដោយសារតែការចែកចាយព័ត៌មានមិនពិត ពាក់ព័ន្ធទៅនឹងការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) ដូច្នេះសរុបមកទល់នឹងពេលនេះ មនុស្សចំនួន ០៥នាក់ហើយត្រូវបានចាប់ខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានសិង្ហបុរី Straits Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០។

បុគ្គលទាំង ០៤នាក់នោះ រួមមានគ្រូបង្រៀនថ្នាក់បំប៉នម្នាក់, ជំនួយការនៅឱសថស្ថានពីរនាក់ និងនិស្សិតសាកលវិទ្យាល័យម្នាក់ ដែលត្រូវបានអាជ្ញាធរម៉ាឡេស៊ីចាប់ឃាត់ខ្លួន ក្នុងប្រតិបត្តិការដោយឡែកៗពីគ្នានៅរដ្ឋ ម៉េឡាកា (Melaka), ខេដាហ៍ (Kedah) និងរដ្ឋ ផាហាង (Pahang) កាលពីថ្ងៃពុធសប្តាហ៍នេះ។ យោងតាមសេចក្តីថ្លែងការណ៍ របស់អាជ្ញាធរម៉ាឡេស៊ី បុគ្គលជាគ្រូបង្រៀនថ្នាក់បំប៉នក្រៅម៉ោងមានអាយុ ៤៩ឆ្នាំ ត្រូវបានឃាត់ខ្លួននៅរដ្ឋ Kedah នាវេលារសៀលថ្ងៃពុធ បន្ទាប់ពីបុគ្គលនោះបានបង្ហោះព័ត៌មានមិនពិតទាក់ទងវីរុសកូរ៉ូណាថ្មី នៅលើបណ្តាញសង្គម Facebook កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០។

ចំណែកនៅរដ្ឋ Melaka បុគ្គលពីរនាក់អាយុ ២៥ឆ្នាំ និង៣០ឆ្នាំ ដែលជាជំនួយការនៅឱសថស្ថាន ត្រូវបានឃាត់ខ្លួននៅតំបន់ ភែរីងហ្គីត (Peringgit) និងក្រុង មើលីម៉ៅ (Merlimau) នាវេលាល្ងាចថ្ងៃដដែល ព្រោះជាប់ពាក់ព័ន្ធការចែកចាយព័ត៌មានមិនពិត អំពីវីរុសកូរ៉ូណានៅលើ Facebook កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០។ រីឯនៅទីក្រុង គួនតាន់ (Kuantan) នៃរដ្ឋ Pahang និស្សិតសាកលវិទ្យាល័យរដ្ឋមួយកន្លែងមានអាយុ ២៤ឆ្នាំ ត្រូវបានឃាត់ខ្លួននៅ វេលាល្ងាចថ្ងៃពុធដូចគ្នា ដោយសារតែការបង្ហោះព័ត៌មានមិនពិតអំពីវីរុសផ្លូវដង្ហើមថ្មីនេះ នៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។

គួរជម្រាបថា កាលពីថ្ងៃអង្គារសប្តាហ៍នេះបុរសអាយុ ៣៤ឆ្នាំម្នាក់ ក៏ត្រូវបានឃាត់ខ្លួននៅម៉ាឡេស៊ីផងដែរនៅក្រុង បាងគី (Bangi) នៃរដ្ឋសេឡាងហ្គ័រ (Selangor) ដោយសារតែការចែកចាយព័ត៌មានមិនពិត អំពីវីរុសកូរ៉ូណាប្រភេទថ្មី កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០។ ដោយឡែកប៉ូលិសម៉ាឡេស៊ី នៅទីក្រុងគូឡាឡាំពួបានឲ្យដឹងថា ពួកគេកំពុងតែបន្តស៊ើបអង្កេត លើករណីមួយចំនួនផ្សេងទៀត ទាក់ទងទៅនឹងការចែកចាយព័ត៌មាន មិនពិតអំពីវីរុសកូរ៉ូណាថ្មី។ បច្ចុប្បន្នអ្នកផ្ទុកវីរុសផ្លូវដង្ហើមថ្មីនេះ ត្រូវបានរកឃើញចំនួន ០៧ករណី នៅក្នុងប្រទេសម៉ាឡេស៊ី៕