បើ​ចង់​ក្លាយជា​អ្នកមាន កុំ “​ទិញ​ផ្ទះ​” ត្រូវ “​ទិញ​ដី​”

3738

​ភ្នំពេញ​៖ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ធ្លាប់បាន​លើកឡើងថា​៖ “​បើ​អត់លុយ កុំ​ទិញ​ផ្ទះ អត់លុយ​ត្រូវតែ​ទិញ​ដី អ្នក​ចង់​មាន មានតែ​ទិញ​ដី​ទេ​” នៅក្នុង​ពេលដែល​លោក​អញ្ជើញ ចូលរួម​ក្នុង​ពិធី​សម្ពោធ​បញ្ចុះបឋមសិលា​សាងសង់​លំនៅឋាន​សមរម្យ​របស់​ក្រុមហ៊ុន Arakawa របស់​ជប៉ុន នៅ​ភ្នំពេញ​កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដែលមាន​ប្រជាពលរដ្ឋ ចូលរួម​រាប់រយ​នាក់​។​

លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់

​តើ​លោក ជា សុផារ៉ា គាត់​អះអាង​បែបនេះ ដោយ​ផ្អែកទៅលើ​មូលដ្ឋាន​អ្វី​? លោក ជា សុផារ៉ា យល់ឃើញថា សុខចិត្ត​រស់នៅ​អន់​បន្តិច​ចុះ យកលុយ​ទិញ​ដី កុំ​ទិញ​ផ្ទះ​។ ចង​តង់ ប្រក​ស្បូវ​២០​ទៅ​៣០​កណ្តប វា​ក៏​នៅតែ​គ្រាន់បើ​។ ថ្ងៃក្រោយ ដី​នេះ​ឡើងថ្លៃ​​ យើង​ក្លាយជា​អ្នកមាន​។ បើ​យើង​ទិញ​ផ្ទះ អត់​ប្រយោជន៍​ទេ ព្រោះ ដី មិន​ងាយ​កើត​ទេ តែ​មនុស្ស​ងាយ​នឹង​កើត​។​

​លោក ង៉ែត ជូ អ្នកជំនាញ​សេដ្ឋកិច្ច បាន​ប្រាប់​ទៅ ខេ​ម​បូ​ណូ​មី​ស ថា ការលើកឡើង​របស់ លោក ជា សុផារ៉ា គឺ​មិន​ខុស​នោះទេ ដោយ​អះអាងថា ក្នុងករណី​ដែល​ពលរដ្ឋ​មិនទាន់មាន​លុយ​គ្រប់គ្រាន់​នោះ គឺ​គួរតែ​ទិញ​ដី​ជាមុនសិន ដើម្បី​ទុក​ឲ្យ​ឡើងថ្លៃ​។
​លោក​បញ្ជាក់​ប្រាប់ថា ៖ «​បើ​ពួកគាត់​ខ្វះ​លុយ គួរ​យកលុយ​ទៅ​ទិញ​ដី​ឡូ​តិ៍​តម្លៃ ៥​ទៅ​៦​ពាន់​(​ដុល្លារ​) ទុក ៥ ទៅ ៦​ឆ្នាំ ក្រោយមក យើង​មាន​ចំណូល​បន្ថែម​គ្រប់គ្រាន់​សឹម​ទៅ​ទិញ​ផ្ទះ ឬ​មាន​លុយ​សង់ផ្ទះ​លើដី​នោះ​តែម្តង​»​។​

លោក ង៉ែត ជូ អ្នកជំនាញ​សេដ្ឋកិច្ច

​បើតាម​អ្នកជំនាញ​សេដ្ឋកិច្ច​រូបនេះ បានផ្តល់​យោបល់​ថា បើ​ទិញ​ខុន​ដូ ឬ​បុរី គួរប្រើ​កម្ចី​ពី​ធនាគារ ព្រោះ​មុននឹង​ធនាគារ​ឲ្យ​លុយ​ខ្ចី ធនាគារ​បាន​វាយតម្លៃ​យ៉ាងច្បាស់​លាស់ ពី​លទ្ធភាព​សង​របស់​អតិថិជន ហើយ​ធនាគារ អាច​ត្រួតពិនិត្យ​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់ របស់​ខុន​ដូ ឬ​បុរី នោះ ដើម្បី​ឲ្យ​អ្នកទិញ​មាន​សុវត្ថិភាព និង​គ្មាន​ហានិភ័យ​។ តែ​សព្វថ្ងៃនេះ ម្ចាស់​បុរី​មួយចំនួន​បានផ្តល់​សេវា​បង់​រំលស់ ដោយ​មិនបាន​វាយតម្លៃ​ពី​ចំណូល​របស់​អ្នកទិញ ព្រោះតែ​ចង់បាន​ប្រាក់ចំណេញ​៕