Adidas និង H&M នឹងបន្តបញ្ជាទិញ​សម្លៀកបំពាក់ពី​កម្ពុជា

1027

ក្រុមហ៊ុនម៉ាកសម្លៀកបំពាក់ល្បីៗ លំដាប់ពិភពលោកចំនួនពីរគឺ Adidas និងក្រុមហ៊ុន H&M បានអះអាងថាខ្លួន នឹងបន្តបញ្ជាទិញផលិផលសម្លៀកបំពាក់ពីកម្ពុជា ក្រោយពីវិបត្តិជំងឺកូវីដ-១៩ បានសាបរលាបទៅវិញ។

ការអះអាងរបស់ក្រុមហ៊ុនធំៗទាំងពីរនេះ បានបង្ហាញពីសញ្ញាវិជ្ជមានល្អ មួយសម្រាប់វិស័យវាយនភណ្ឌកាត់ដេរនៅកម្ពុជា ដែលបច្ចុប្បន្នកំពុងរងផលប៉ះពាល់ជាខ្លាំងពីជំងឺកូវីដ-១៩ ខណៈរោងចក្រជាច្រើនត្រូវបានព្យួរការងារ ដោយសារអតិថិជនរបស់ខ្លួនបានផ្អាកការបញ្ជាទិញ។

កាលពីថ្ងៃទី ១៦ខែមិថុនានេះ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានទទួលជួបជាមួយតំណាងក្រុមហ៊ុន Adidas និងក្រុមហ៊ុន H&M ដឹកនាំដោយលោក ម៉ាតធ្យូ អាំស្ត្រង (Matthew Armstrong) នាយកផ្នែកបញ្ជាទិញនៃការិយាល័យតំណាងក្រុមហ៊ុន Adidas និងលោក គ្រីស្តឺ  ហ៊ន អាហ្វ អាមីន (Christer Horn af Aminne) នាយកផ្នែកផលិតកម្មទទួលបន្ទុកប្រទេសកម្ពុជា និងវៀតណាម នៃក្រុមហ៊ុន H&M ដើម្បីពិភាក្សាអំពីស្ថានភាពវិស័យវាយនភណ្ឌកាត់ដេរ នៅកម្ពុជា។

ក្នុងជំនួបនោះ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានប្រាប់តំណាងក្រុមហ៊ុនទាំងពីរអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកពិពិធកម្មទីផ្សារ តាមរយៈការចរចា «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី» ដោយនាពេលបច្ចុប្បន្ន ក្រសួងពាណិជ្ជកម្មកំពុងតែធ្វើការចរចា និងសិក្សាលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀង ជាមួយប្រទេសមួយចំនួន។

បន្ថែមពីលើនេះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានស្នើសុំឱ្យក្រុមហ៊ុនបន្តធ្វើការបញ្ជាទិញពីកម្ពុជា និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការគាំទ្រវិស័យកាត់ដេរនៅកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩ បានផុតទៅវិញ។

ជាមួយគ្នានេះ ក្រុមហ៊ុនទាំងពីរបានឆ្លើយតបជាវិជ្ជមាន ចំពោះអ្វីដែលភាគីកម្ពុជា បានស្នើសុំ ព្រមទាំងទទួលធ្វើការបន្ថែមជាមួយរាជរដ្ឋាភិបាល ក្នុងការកែលម្អបរិយាកាសវិស័យកាត់ដេរនៅកម្ពុជា។

បើតាមការអះអាងរបស់តំណាងសហជីពកាត់ដេរកម្ពុជាបានឱ្យដឹងថា ក្រុមហ៊ុនទាំងពីរនេះ គឺជាអ្នកបញ្ជាទិញដ៏ធំរបស់កម្ពុជា ដែលបានទិញផលិតផលសម្លៀកបំពាក់កាត់ដេរជិត ១០០រោងចក្រពីកម្ពុជា។

កាលពីកន្លងទៅថ្មីៗនេះ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្ពុជាគ្មានការបញ្ជាទិញថ្មីទេសម្រាប់ខែឧសភា និងខែមិថុនា ឆ្នាំ ២០២០នេះ ហើយការនាំចេញនានារបស់រោងចក្រកាត់ដេរ ក្នុងត្រីមាសទី ២ឆ្នាំនេះ មានការ ថយចុះប្រមាណ ៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោកបានអះអាងទៀតថា គិតត្រឹមខែឧសភា រោងចក្រចំនួនជាង ២០០កន្លែង នៅទូទាំងប្រទេស បាន និងកំពុងព្យួរការងារ ដែលបង្កផលប៉ះពាល់ដល់កម្មករ កម្មការិនីប្រមាណជាង ១១ម៉ឺននាក់។

យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញថា គិតមកដល់ពេលនេះ ផ្នែកឧស្សាហកម្មតម្បាញ កាត់ដេរ ចាក់ កាបូប និងស្បែកជើង មានរោងចក្រសរុប ១០៩៩រោងចក្រ៕

អត្ថបទ៖ សៀម ប៊ុនធី