យ៉ាងយូរ​ត្រឹម​ខែមីនា ២០១៩ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ នឹង​បើក​ការដ្ឋាន​សាងសង​

1261

ភ្នំពេញ ៖ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ ដែលមាន​ប្រវែង​ជាង​១៩០​គីឡូម៉ែត្រ នឹង​ចាប់ផ្តើម​បើ​ការដ្ឋាន​សាងសង់​យ៉ាងយូរ​នៅ​ខែមីនា​ខាងមុខនេះ​។ នេះ​ជាការ​បញ្ជាក់ប្រាប់​ជាថ្មី​ម្ដងទៀត របស់លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​។​

ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី​៩ មករា ២០១៩ ក្នុង​ពិធី​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​២០១៩ នៅ​ទីស្តីការក្រសួង លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​មានប្រសាសន៍ថា ៖« ខ្ញុំ​សង្ឃឹមថា​នៅ​ខែកុម្ភៈ ឬ​ដើមខែ​មីនា យើង​អាច​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ​បាន​ហើយ​។ គ្រឿងចក្រ​ដែលមាន​តម្លៃ​ជាង ១០០​លាន​ដុល្លារ អាច​នឹង​មកដល់​កម្ពុជា​នៅ​ចុង​ខែម​ករានេះ​, អ្នកបច្ចេកទេស វិស្វកម្ម ជាង​២០០​នាក់​បានមក​ដល់​ហើយ ដើម្បី​បើ​ការដ្ឋាន »​។​

បើតាម​លោក​ទេសរដ្ឋមន្ត្រី គម្រោង​ផ្លូវ​ល្បឿន​លឿន​មិនទាន់បាន​ដោះស្រាយ​ផលប៉ះពាល់​បាន​ទាំងស្រុង​នៅឡើយ​ទេ តែ​ក្រសួង​កំពុង​រៀបចំ​ជាមួយនឹង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ។ លោក​ទេសរដ្ឋមន្ត្រី​ថ្លែងថា ៖”​យើង​កំពុងតែ​ជំរុញ​ធ្វើយ៉ាងណា ដោះស្រាយ​ផលប៉ះពាល់​ដីធ្លី​ប្រជា​ពរល​ដ្ឋ​។ ដោយឡែក​ដី​សម្រាប់​បើ​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន មាន​ទីតាំង​ហើយ​នៅ​ភ្នំពេញ​”​។​

ទាក់ទង​គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ បើតាម​មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន លោក វ៉ា​ស៊ឹម សុ​រិ​យ៉ា បានឱ្យដឹងថា ៖« ទីតាំង​ចាប់ផ្តើម​ពី​ភ្នំពេញ អាច​ចេញពី​ចំណុច​ផ្លូវ​រថភ្លើង​កាត់​ផ្លូវ​ទំនប់​កប់​ស្រូវ ។ ផ្លូវ​រថភ្លើង​កាត់​ត្រង់ណា ចំណុច​ចាប់ផ្តើម​នឹង​ចេញ​នៅត្រង់​នោះ »​។ ផ្លូវ​ល្បឿន​លឿន​នេះ មាន​៤​គន្លង​, ទទឹងផ្លូវ​ប្រវែង​២៤​ម៉ែត្រ​ក្រា​ដោយ​កៅស៊ូ​AC,​មាន​សូន​ច្បារ​ចំ​កណ្តាល និង​មាន​របង​សងខាង ដែល​គ្រោយ​ចំណាយពេល​សាងសង់​ប្រហែល​៤​ឆ្នាំ ក្រោម​ទិន​វិនិយោគ​ជិត​២​ពាន់​លាន​ដុល្លារ ។ ផ្លូវ​នេះ មាន​ស្ពាន​វែង និង​មធ្យម​មាន​៥៦​កន្លែង​, ស្ពាន​ខ្លី​៣៣​កន្លែង​, ស្ពាន​រម្លង​ឬ​ផ្លោះ​ផ្លូវ​៣២១​កន្លែង និង​មាន​កន្លែង​ឈប់សម្រាក​ចំនួន​៣​កន្លែង ។​

ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ លោក​បណ្ឌិត ម៉ី កល្យាណ បាន​ថ្លែង​កន្លងមក​ថា បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​ជា​រឿង ប្រឈម​មួយ ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា ប៉ុន្តែ​រដ្ឋាភិបាល​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បានរៀបចំ​គោលនយោបាយ និង​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាងច្រើន ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ។ លោ​កប​ណ្ឌិ​បន្តថា អ្វីដែល​រាជរដ្ឋាភិបាល​បានធ្វើ គឺ​ស្ថិត​ក្នុងទិសដៅ​ត្រឹមត្រូវ​មួយ​ហើយ ប៉ុន្តែ​លោក​ស្នើសុំ​ឱ្យមាន​ការ​ព​ន្លឿ​ន​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែមទៀត ដើម្បី​កាត់បន្ថយ​តម្លៃ​ដើម​នៃ​ការដឹកជញ្ជូន ។

លោក​ថ្លែងថា ៖”​វា​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​រុញ​សេដ្ឋកិច្ចកម្ពុជា​ទៅកាន់​ដំណាក់កាល​ថ្មី​មួយទៀត ព្រោះ​បើ​ចង់​ឲ្យ​សេដ្ឋកិច្ចកម្ពុជា​កើនឡើង និង​ឈានទៅ​កាន់​លំដាប់​ថ្មី កម្ពុជា​ត្រូវការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែមទៀត “៕