ប្រទេសថៃ៖ គណបក្សនយោបាយថៃ ដែលបានជ្រើសរើស ម្ចាស់ក្សត្រី អ៊ូបុល រតនា ធ្វើជាបេក្ខជននាយករដ្ឋមន្ត្រី អាចនឹងត្រូវហាមឃាត់ មិនឱ្យចូលរួមការបោះឆ្នោតជាតិ នៅក្នុងខែមីនាខាងមុខនេះ បន្ទាប់ពីសកម្មជនម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យថា នឹងដាក់ញត្តិមួយដើម្បី ស្វែងរកការរំលាយគណបក្សនេះចោល។
គណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ នឹងជួបប្រជុំគ្នានៅថ្ងៃចន្ទនេះ ដើម្បីពិចារណាពីបេក្ខភាពរបស់ម្ចាស់ក្សត្រី អ៊ូបុល រតនា មានព្រះជន្មា ៦៧ ឆ្នាំ ដែលបានធ្វើឱ្យប្រទេសថៃ មានការភ្ញាក់ផ្អើលកាលពីថ្ងៃសុក្រសប្ដាហ៍មុន នៅពេលក្សត្រីអង្គនេះ បាននិយាយថា នឹងឈរឈ្មោះធ្វើជាបេក្ខជន នាយករដ្ឋមន្ត្រី របស់គណបក្សដែលស្មោះត្រង់ ជាមួយលោកថាក់ស៊ីនស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ។
មួយម៉ោងក្រោយពីការប្រកាសនេះ ព្រះមហាក្សត្រថៃ ដែលជាប្អូនប្រុស បានចេញសេចក្តីថ្លែងការណ៍ប្រឆាំងជំទាស់ ដោយមានព្រះបន្ទូលថា វាជារឿងមិនសមរម្យ សម្រាប់សមាជិករាជវង្សានុវង្ស ក្នុងការចូលរួមក្នុងឆាកនយោបាយ។
កាលពីថ្ងៃអាទិត្យសកម្មជនម្នាក់ បាននិយាយថា រូបលោកនឹងដាក់ញត្តិមួយ ដើម្បីដកហូតតំណែងគណបក្សភឿថៃ ដែលត្រូវបានតែងតាំង ម្ចាស់ក្សត្រីអង្គនោះធ្វើជាបេក្ខជននាយករដ្ឋមន្ត្រី។
លោក Srisuwan Janya អគ្គលេខាធិការសមាគមការពាររដ្ឋធម្មនុញ្ញ បានប្រាប់រ៉យទ័រថា “សេចក្តីប្រកាសរបស់ព្រះមហាក្សត្រ បានបញ្ជាក់យ៉ាងច្បាស់ថា គណបក្សនេះ បានរំលោភច្បាប់បោះឆ្នោត”។
លោក Srisuwan បានមានប្រសាសន៍ថា លោកបានដាក់ពាក្យបណ្តឹង ទៅគណៈកម្មាធិការបោះឆ្នោត ស្នើឱ្យតុលាការធម្មនុញ្ញ រំលាយគណបក្សនេះចោល។
ប្រធានប្រតិបតិ្តរបស់គណបក្សនេះ គឺលោក Chaturon Chaisaeng បានបដិសេធមិនធ្វើការអត្ថាធិប្បាយ។
គណបក្សនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា “ទទួលយកដោយអំណរគុណ ចំពោះសាររបស់ព្រះមហាក្សត្រ ហើយនឹងគោរពតាមបទបញ្ជា នៃការបោះឆ្នោត និងប្រពៃណីរាជបល្ល័ង្ក៕”